រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុងភាគខាងលិច Ramstein ប្រទេសអាល្លឺម៉ង់ ។
លោក Austin នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសអាល្លឺម៉ង់មួយនេះ ជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាលើការគាំទ្រអ៊ុយក្រែន ។
ការមកដល់របស់លោក Austin នៅប្រទេសអាល្លឺម៉ង់ បានកើតមានឡើង ពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើសេចក្តីអត្ថាធិប្បាយលើការអំពាវនាវឲ្យមានការចំណាយខ្ពស់ជាងមុនពីសម្ព័ន្ធមិត្តអង្គការណាតូ ហើយនិងអំណះអំណាងរបស់លោកថា លោកចង់គ្រប់គ្រងកោះអាក់ទិក Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក ៕


