ការិយាល័យរបស់ប្រធានាធិបតី លោក Alexander Van der Bellen នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអូទ្រីស លោក Alexander Schallenberg នឹងចូលកាន់តំណែងជាអធិការបតីចាំផ្ទះ នៅថ្ងៃសុក្រ (ទី១០ ខែមករា) តពីលោក Karl Nehammer ដែលបានលាលែង នៅពេលដែលកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះក្រុមកណ្តាលនិយម មិនអាចលេចចេញជារូបរាងបាន កាលពីចុងសប្តាហ៍កន្លងមក។
កាលពីថ្ងៃចន្ទ ក្រុមស្ដាំនិយមជ្រុល គឺគណបក្សសេរីភាព (FPO) ដែលបានឈ្នះលំដាប់លេខ១ នៅក្នុងការបោះឆ្នោតសភា កាលពីខែកញ្ញា ដោយទទួលបានសំឡេងប្រហែល ២៩ភាគរយនោះ ត្រូវបានលោក Van der Bellen ប្រគល់ភារកិច្ចឲ្យបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយការចរចា ៣ភាគី និងបន្ទាប់មកសល់ ២ភាគីដែលមានបំណងរួមគ្នាដោយគ្មានគណបក្ស FPO បានបរាជ័យ។
រដ្ឋាភិបាលដឹកនាំដោយក្រុមអភិរក្សនិយមបច្ចុប្បន្ន កំពុងចាត់ចែងកិច្ចការប្រទេស ក្នុងនាមជាអ្នកគ្រប់គ្រងចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ការិយាល័យរបស់លោក Van der Bellen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រគល់តំណែងឲ្យទៅលោក Schallenberg ដែលបានបម្រើការជាអធិការបតីរយៈពេល ២ខែ ក្នុងឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ វេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១០ ម៉ោងសកល)៕
មេដឹកនាំរបស់គណបក្ស FPO លោក Herbert Kickl បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា លោកបានហៅទូរសព្ទទៅលោក Christian Stocker ដែលស្នងតំណែងបណ្តោះអាសន្នជាមេដឹកនាំក្រុមអភិរក្សនិយមរបស់លោក Nehammer ដើម្បីអញ្ជើញគណបក្ស People's Party (OVP) ជាផ្លូវការ ឲ្យចូលរួមក្នុងកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះ៕