អគ្គស្ថានកុងស៊ុលប៉ូឡូញ ត្រូវបានបិទនៅទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី នាថ្ងៃពុធនេះ ហើយពួកគេសម្រេចចិត្តបែបនេះ ជាការឆ្លើយតបនឹងការសម្រេចចិត្តរបស់ប៉ូឡូញ បិទស្ថានកុងស៊ុលក្រុងម៉ូស្គូនៅទីក្រុង Poznan ។
ក្រសួងការបរទេសរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានប្រកាសផងដែរថា បុគ្គលិកការទូតស្ថានកុងស៊ុល ៣រូបរបស់ប៉ូឡូញថាជា “មនុស្សមិនស្វាគមន៍” ហើយពួកគេត្រូវការចាកចេញពីរុស្ស៊ី តាមកាលបរិច្ឆេតជាក់លាក់ ។

សេចក្តីថ្លែងការណ៍និយាយថា ពួកគេបានធ្វើការសង្កត់ធ្ងន់ទៅកាន់ភាគីប៉ូឡូញថា ទីក្រុងម៉ូស្គូ បានចាត់វិធានការ ហើយនិងបន្តចាត់វិធានការសងសឹកដ៏មុតមាំប្រឆាំងនឹងរាល់ជំហានគ្មានមេត្រីភាពមកលើប្រទេសរុស្ស៊ី ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសប៉ូឡូញលោក Radoslaw Sikorski បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រុស្ស៊ីគ្មានសិទ្ធិប្រតិកម្មតាមវិធីបែបហ្នឹងនោះទេ ស្របពេលដែលការសម្រេចចិត្តរបស់ប៉ូឡូញ បិទស្ថានកុងស៊ុលនៅទីក្រុង Poznan គឺជាប្រតិកម្មចំពោះការបំផ្លិចបំផ្លាញ និងការដុតបំផ្លាញដោយចេតនារបស់រុស្ស៊ីនៅប្រទេសប៉ូឡូញ ។
លោក Sikorski បន្តថា ពួកយើងពុំបានបំផ្លិចបំផ្លាញ និងដុតបំផ្លាញដោយចេតនានៅក្នុងប្រទេសរុស្ស៊ីនោះឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាដឹងច្បាស់ថារុស្ស៊ីគឺជាប្រទេសបែបណា ដូច្នេះហើយនេះមិនមែនជាវិធានការដែលពុំបានរំពឹងទុកនោះទេ ៕

