ពលរដ្ឋទីបេត៍នៅប្រទេសនេប៉ាល់ បានជួបជុំគ្នានៅក្នុងទីក្រុងកដ្ឋម៉ាន់ឌូនាថ្ងៃពុធនេះ ដើម្បីធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ នៅតំបន់ទីបេត៍ ។
ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃអង្គារ ដែលស្ថិតនៅក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅក្នុងតំបន់ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថិតនៅទីក្រុង Tingri នៃតំបន់ទីបេត៍ប្រទេសចិន ដែលមានចម្ងាយប្រហែល ៨០គ.មភាគខាងជើងភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។

យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងថា មនុស្សយ៉ាងហោច ១២៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៨៨នាក់ផ្សេងទៀត រងរបួសនៅតំបន់ទីបេត៍ មកទល់នឹងពេលបាយថ្ងៃត្រង់ថ្ងៃពុធនេះ ។
ក្រុមមន្រ្តីចិន និយាយថា មនុស្សជាង ៤០០នាក់ ដែលជាប់ខ្លួនក្រោមកម្ទេចកម្ទី ត្រូវបានជួយសង្រ្គោះ ខណៈក្រុមអាជ្ញាធរ នៅពុំទាន់បានប្រកាសពីចំនួនមនុស្សបាត់ខ្លួននោះទេ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ការស្ទង់ដំបូងបង្ហាញថា គេហដ្ឋានពលរដ្ឋជាង ៣.៦០០ខ្នង រងការបំផ្លិចបំផ្លាញ នៅតំបន់ Shigatse ជាទីដែលមានមនុស្សរស់នៅ ៨០ម៉ឺននាក់ ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំមានសេចក្តីរាយការណ៍ពីការស្លាប់នៅក្នុងប្រទេសនេប៉ាល់ ឬកន្លែងណាផ្សេងទៀតនោះឡើយ ៕

