នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានស្វាគមន៍នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia' Al Sudani នៅទីក្រុងតេអេរ៉ង់ ។
លោក Al Sudani បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃរបស់លោក តាមការអញ្ជើញរបស់លោក Pezeshkian ។
លោក Al-Sudani និយាយថា ពួកយើងសូមអំពាវនាវឲ្យមានដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយដែលអភិរក្សអធិបតេយ្យភាព និងបូរណភាបទឹកដីស៊ីរី និងបញ្ចប់ការជ្រៀតជ្រែកបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋស៊ីរី ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shafaq News បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ នឹងពិភាក្សាលើបញ្ហាផលប្រយោជន៍ទៅវិញទៅមកជាច្រើន រួមទាំងដំណើរវិវត្តន៍ចុងក្រោយនៅប្រទេសស៊ីរី សន្តិសុខក្នុងតំបន់ និងតួនាទីរបស់អ៊ីរ៉ាក់ជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីលើកឡើងពីបញ្ហាសំខាន់ៗ ។
លោក Al-Sudani នឹងពិភាក្សាផងដែរលើយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈបណ្តើមគំនិតជាច្រើន រួមទាំងការបង្កើតកិច្ចប្រជុំសម្រាប់ប្រទេសជិតខាងអ៊ីរ៉ាក់ និងស៊ីរី (Baghdad Dialogue) ដែលមានគោលដៅគាំទ្រការបង្កើតរដ្ឋាភិបាលស៊ីរី ៕

