នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ បានវាយប្រហារមហាសេដ្ឋី លោក Elon Musk ថា បានជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប ដោយចោទប្រកាន់លោកថា កំពុងធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យ។
ដោយមិននិយាយពីឈ្មោះដោយផ្ទាល់ ក្នុងអំឡុងពេលនោះ លោក Sanchez បានលើកឡើង អំពីលោក Musk ថា៖ «ក្រុមស្ដាំនិយមជ្រុលអន្តរជាតិដែលយើងបានប្រឆាំងនៅក្នុងប្រទេសអេស្ប៉ាញអស់ជាច្រើនឆ្នាំមកហើយនោះ ដឹកនាំដោយបុរសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើភពផែនដី។ ជននោះបានបើកការវាយប្រហារដោយចំហរលើស្ថាប័នរបស់យើង ញុះញង់ឲ្យមានការស្អប់ខ្ពើម និងគាំទ្រដោយបើកចំហ ចំពោះអ្នកស្នងមរតកនៃលទ្ធិណាស៊ី នៅក្នុងប្រទេសអាល្លឺម៉ង់»។
គួរបញ្ជាក់ថា លោក Sanchez កំពុងនិយាយនៅឯទីក្រុង Madrid ក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងដើម្បីរំលឹកខួបលើកទី៥០ នៃការស្លាប់របស់មេដឹកនាំផ្តាច់ការ លោក Francisco Franco។
លោក Musk ដែលត្រូវធ្វើតួនាទីនៅក្រោមប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ក្នុងនាមជាទីប្រឹក្សាខាងក្រៅ ដែលទទួលបន្ទុកសម្រួលប្រសិទ្ធភាពការងារររដ្ឋាភិបាល បានលុកចូលទៅក្នុងកិច្ចការរបស់អេស្ប៉ាញ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក តាមរយៈការអត្ថាធិប្បាយលើបណ្ដាញសង្គម X អំពីអត្ថបទ ដែលបាននិយាយថា ការផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈ ក្នុងតំបន់កាតាឡាន់ នៅភាគឦសាននៃប្រទេសអេស្ប៉ាញ អនុវត្តជាចម្បងដោយជនបរទេស៕