
នៅវ័យ ៧៣ឆ្នាំ អ្នកនេសាទត្រី Guo Junchun នៅតែស៊ូទ្រាំនឹងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង រាល់រដូវរងា ដើម្បីទៅនេសាទត្រីនៅក្នុងទន្លេកក Songhua ដែលហូរឆ្លងកាត់ទីក្រុងភាគឦសាន Harbin ប្រទេសចិន ។
លោក Guo និយាយថា ទីក្រុង Harbinស្ថិតក្នុងចំណោមទីក្រុងត្រជាក់ខ្លាំងជាងគេបំផុតរបស់ប្រទេសចិន ជាទីដែលសីតុណ្ហភាពធ្លាប់ធ្លាក់ចុះទាបរហូតដល់-៣៧អង្សាសេ ។
លោកបន្តថា ប៉ុន្តែរដូវងាក្តៅជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឲ្យការនេសាទត្រីក្នុងទន្លេកកកាន់តែងាយស្រួល សម្រាប់ក្រុមអ្នកនេសាទត្រីនៅទីក្រុង Harbin ។

លោក Guo និយាយថា វាលែងកកក្រាស់ទៀតហើយ ធ្វើឲ្យផ្ទៃទន្លេកាន់តែស្តើង ដោយសារបម្រែបម្រួលអាកាសធាតុ ។
លោកថា ទឹកកកស្តើង ងាយនឹងទម្លុះ រន្ធរបស់វាមិនត្រូវការចោះជ្រៅនោះទេ ហើយគ្រាន់តែជីកវា ២-៣ដង គឺរួចរាល់ហើយ ប៉ុន្តែពេលដែលទឹកកកក្រាស់ អ្នកត្រូវខួងវាឲ្យបានជ្រៅ ហើយត្រូវការចំណាយកម្លាំងច្រើនជាងនេះ ។
ដោយកត់សំគាល់ឃើញរដូវរងានៅទីក្រុង Harbin លែងត្រជាក់ខ្លាំងដូចកាលពីមុនទៀតនោះ លោក Guo និយាយថា សីតុណ្ហភាពលែងធ្លាក់នៅក្រោម-៣០អង្សាសេទៀតហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕