ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន និងបង្កលក្ខណៈឱ្យមានការចូលរួមពីគ្រប់អ្នកជំនាញទាំងអស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការគ្នាចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ឋានានុក្រម។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ខិតខំសាមគ្គីគ្នា បន្តរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ សំដៅលើកកម្ពស់ការធ្វើនវានុវត្តន៍បច្ចេកទេសព្យាបាលឲ្យកាន់តែសម្បូរបែប ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និងជឿជាក់មកលើសេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត៕ អត្ថបទ រដ្ឋា



