កោះតៃវ៉ាន់ និងប្រទេសចិន បានចោទប្រកាន់គ្នាទៅវិញទៅមក លើអ្វីដែលរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ សង្ស័យថា នាវាដែលមានទំនាក់ទំនងជាមួយចិន បានបង្កការខូចខាតដល់ខ្សែកាប្លិ៍ទំនាក់ទំនងក្រោមសមុទ្រនៅឆ្នេររបស់តៃវ៉ាន់ ដែលជាឧប្បត្តិហេតុមួយធ្វើឱ្យមានការប្រកាសអាសន្នទូទាំងកោះ។

ម្ចាស់នាវា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (០៨ មករា) ថា ពុំមានភស្តុតាងថានាវាមានជាប់ពាក់ព័ន្ធនឹងរឿងបង្កការខូចខាតនោះទេ។ ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ សង្ស័យថា នាវានេះបានបំផ្លាញខ្សែកាប្លិ៍ចេញពីឆ្នេរសមុទ្រភាគខាងជើងរបស់កោះ កាលពីចុងសប្តាហ៍មុន ប៉ុន្តែមិនអាចទៅស៊ើបអង្កេតបាន ដោយសារតែអាកាសធាតុមិនល្អ។

កាលពីល្ងាចថ្ងៃពុធ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា ការខូចខាតខ្សែកាប្លិ៍ក្រោមសមុទ្រគឺជា "ឧប្បត្តិហេតុដែនសមុទ្រធម្មតាប៉ុណ្ណោះ" ហើយកោះតៃវ៉ាន់ កំពុងចោទប្រកាន់ "ផ្ដេសផ្ដាស" និងមានចេតនាបំភាន់ "ការគំរាមកំហែងតំបន់ពណ៌ប្រផេះពីចិនដីគោក"។

កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរម្តងហើយម្តងទៀតអំពី "តំបន់ប្រផេះ" នៃសកម្មភាពយោធាចិន នៅជុំវិញកោះ ដែលត្រូវបានរៀបចំឡើងដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិ ដោយមិនមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ដូចជាការបង្ហោះបាឡុង និងការបូមខ្សាច់ជាដើម៕