ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ (០៨ មករា) ខណៈការពិភាក្សាដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតែបន្តក្នុងប្រទេសកាតា ហើយកងទ័ពអ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ថ្នូរយ៉ាងហោចណាស់ម្នាក់ ចេញពីផ្លូវរូងក្រោមដីក្បែរទីក្រុងរ៉ាហ្វា ភាគខាងត្បូង។

ខណៈក្រុមគ្រូពេទ្យ និងអ្នកស្រុក និយាយថា មនុស្សស្លាប់រាប់មិនអស់ក្នុងការទម្លាក់គ្រាប់បែកនៅប៉ុន្មានថ្ងៃថ្មីៗនេះ យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាសដែលកំពុងប្រតិបត្តិការនៅក្នុងអគារសិក្សាក្នុងទីក្រុង Jabalia ហើយថាខ្លួនបានចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល។

ស្របពេលដែលអ៊ីស្រាអែលបន្តយុទ្ធនាការសឹក សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈានដល់បទឈប់បាញ់មួយ ដោយប្រភពជិតស្និទ្ធនឹងកិច្ចពិភាក្សាបាននិយាយថា នេះគឺជាការប៉ុនប៉ងដ៏ម៉ឺងម៉ាត់បំផុតដើម្បីសម្រេចបានកិច្ចព្រមព្រៀងមកទល់ពេលនេះ។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅមកពីការរារាំងបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ថ្នូរ ដោយប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដែលជាឧបសគ្គសម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពពីមុនៗទាំងអស់ អស់រយៈពេលជាងមួយឆ្នាំមកនេះ៕