បាល់ទាត់៖ ក្រុមអង់គ្លេស West Ham United បានធានាកៅអីនៅជុំបន្តហើយនៃក្របខណ្ឌ UEFA Europa League ក្រោយស្មើនៅទឹកដី KRC Genk ២-២ យប់មិញ។ ក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនតាំងពីនាទីទី៤ ដោយ Joseph Paintsil មុនពេលដែល West Ham វាយបកពីក្រោយ ២គ្រាប់វិញនៅវគ្គទី២ ដោយ Benrahma នៅនាទីទី៥៩ និង ៨២។

West Ham ស្ទើតែបាន ៣ពិន្ទុពីការប្រកួតនេះទៅហើយតែ Tomas Soucek ភ្លាត់ស្នៀតចូលទីខ្លួនឯងនៅនាទីទី៨៧។ ក្រោយ ៤ប្រកួតពីការប្រកួតក្នុងពូល H នេះ West Ham មាន ៩ពិន្ទុក្រោយឈ្នះ ៣ ស្មើ ១ មិនដែលចាញ់ តាមពីក្រោយដោយ Dinamo Zagreb មាន ៦ពិន្ទុ, KRC Genk ៤ពិន្ទុ និង Rapid Vienna ៣ពិន្ទុ។ លទ្ធផលស្មើ និងធានាបានកៅអីនៅជុំបន្តនេះគឺជាការអបអរសាទរប្រកួតទី ១០០០ របស់អ្នកចាត់ការ David Moyes ក្នុងអាជីពជាអ្នកចាត់ការផងដែររយៈពេលជិត ២៤ឆ្នាំ។ បន្ទាប់ពីដឹកនាំ Everton, Manchester United, Real Sociedad, Sunderland និងបច្ចុប្បន្ន West Ham លោក David Moyes បានក្លាយជាអ្នកចាត់ការទី៣៥ នៅក្នុងសមាគមអ្នកចាត់ការលីគដែលបានដឹកនាំដល់ប្រកួតទី ១០០០៕
អត្ថបទ៖នាង សុភាវុធ