ការពិតនៃជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump និងពន្ធដ៏ច្រើន រួមទាំងការនិរទេសជនអន្តោប្រវេសន៍ បានគ្របដណ្ដប់ខ្លាំងនៅក្នុងកិច្ចប្រជុំរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក កាលពីខែមុន ដោយក្រុមមន្ត្រីបានលើកឡើងពីកង្វល់អតិផរណាថ្មី និងផលអាក្រក់លើសេដ្ឋកិច្ច ហើយបុគ្គលិកធនាគារ បានបង្ហើបថា ផែនការគោលនយោបាយរបស់រដ្ឋបាលថ្មី អាចបន្ថយកំណើនសេដ្ឋកិច្ច និងបង្កើនភាពអត់ការងារធ្វើ។

កំណត់ហេតុនៃសម័យប្រជុំចេញផ្សាយកាលពីថ្ងៃពុធ (០៨ មករា) បង្ហាញថា ស្របពេលមានចក្ខុវិស័យមិនច្បាស់លាស់នៃអតិផរណាបន្តធ្លាក់ចុះ អ្នកចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧-១៨ ខែធ្នូ "បានសង្កត់ធ្ងន់ថា អតិផរណាកំពុងកើនឡើង ហើយគោលនយោបាយពាណិជ្ជកម្ម និងអន្តោប្រវេសន៍ថ្មី អាចធ្វើឱ្យការទប់ស្កាត់អតិផរណា ត្រូវចំណាយពេលយូរជាងការរំពឹងទុកពីមុន"។

ភាពមិនប្រាកដប្រជានោះ រួមជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់ ដែលផ្តល់ដោយគណៈកម្មាធិការទីផ្សារសហព័ន្ធក្នុងឆ្នាំ២០២៤ របស់ធនាគារកណ្តាល បានបន្ថែមពីលើភាពបន្ទាន់ឱ្យផ្អាកការកាត់បន្ថយថ្លៃឥណទានបន្ថែមទៀត។

ក្នុងការអត្ថាធិប្បាយនៅសប្តាហ៍នេះ មន្ត្រីធនាគារកណ្តាលអាមេរិក រួមទាំងទេសាភិបាលធនាគារកណ្ដាល លោក Christopher Waller កាលពីថ្ងៃពុធ (០៨ មករា) បាននិយាយថា ខណៈពេលដែលពួកគេរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមនៅឆ្នាំនេះ ល្បឿន និងវិសាលភាពអាចនឹងអាស្រ័យលើទិន្នន័យអតិផរណានាពេលខាងមុខ ដែលបង្ហាញពីការមិនសម្រេចគោលដៅ ២% របស់ធនាគារកណ្តាល៕