ប្រមុខការទូតរបស់ប្រទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយកាលពីថ្ងៃពុធ (០៨ មករា) ថា សមាជិកភាពក្នុងអង្គការណាតូ គឺជាការធានាសន្តិសុខរយៈពេលវែងដែលអាចជឿទុកចិត្តបានតែមួយគត់សម្រាប់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី នាពេលអនាគត។

ការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាននៅថ្ងៃទី២០ ខែមករា បានជំរុញឱ្យមានក្តីសង្ឃឹមនៃដំណោះស្រាយការទូតដើម្បីបញ្ចប់ជម្លោះជាមួយទីក្រុងមូស្គូ ប៉ុន្តែក៏មានការភ័យខ្លាចនៅក្នុងទីក្រុងគីវថា សន្តិភាពឆាប់រហ័សអាចត្រូវបង់ខាតខ្ពស់។ ក្រុមមន្ត្រីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី Volodymyr Zelenskiy បានអំពាវនាវឱ្យមានការធានាសន្តិសុខយ៉ាងរឹងមាំពីដៃគូ ដែលនឹងរារាំងរុស្ស៊ី មិនឱ្យវាយប្រហារជាថ្មី។

រដ្ឋមន្ត្រីការបរទេស លោកស្រី Valtonen បាននិយាយថា "យើងគិតថា ការធានាសន្តិសុខក្នុងរយៈពេលវែងដែលអាចទុកចិត្តបានតែមួយគត់គឺមាត្រាទី៥ នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន សំដៅលើការការពារគ្នាទៅវិញទៅមករវាងប្រទេសសមាជិក ដូច្នេះសមាជិកភាពណាតូ ជារឿងជាចាំបាច់សម្រាប់អ៊ុយក្រែន"។
ថ្នាក់ដឹកនាំអ៊ុយក្រែន បានជំរុញយ៉ាងស្វាហាប់ចំពោះការអញ្ជើញឱ្យចូលរួមសម្ព័ន្ធយោធា ៣២ប្រទេសនេះ ប៉ុន្តែបានជួបការប្រឆាំងពីសមាជិកសំខាន់ៗ ខណៈសង្រ្គាមកំពុងឆ្ពោះទៅរកសញ្ញារយៈពេល ៣ឆ្នាំ ហើយកងទ័ពអ៊ុយក្រែន ពិបាកទប់ស្កាត់ការវាយរុលរបស់រុស្ស៊ី៕
