អាជ្ញាធរ បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់ និងធ្វើឲ្យប៉ះពាល់ដល់គ្រួសារជាង១៦.០០០គ្រួសារ នៅក្នុងប្រទេសបូលីវី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន មក។

លោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបូលីវី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីខែវិច្ឆិកា រហូតដល់សប្តាហ៍ដំបូងនៃខែមករានេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី។

យោងតាមមន្ត្រីបានឲ្យដឹងថា ក្រុងចំនួន៣៦បានរងការខូចខាតភាគច្រើន។ នៅក្នុងទីក្រុង Apolo, La Asunta និងទីក្រុង Luribay ទាំងអស់នេះ អាជ្ញាធរបានប្រកាស «ស្ថានភាពនៃគ្រាអាសន្នគ្រោះមហន្តរាយ» ដោយត្រូវដោះស្រាយចំពោះការបំផ្លាញ។
តំបន់ចំនួន៨ក្នុងចំណោមតំបន់ចំនួន៩របស់ប្រទេស បានរាយការណ៍ពីបញ្ហាទាក់ទងនឹងអាកាសធាតុ និងការបំផ្លាញ។ ព្រឹត្តិការណ៍អាកាសធាតុផ្សេងទៀត ដែលត្រូវបានចុះបញ្ជីតាំងពីខែវិច្ឆិកា រួមមានទាំងអាកាសធាតុត្រជាក់ខ្លាំង និងព្យុះព្រិល ។
រដូវវស្សា ត្រូវបានគេព្យាករណ៍ថានឹងអូសបន្លាយពេលរហូតដល់ខែមីនា ឬខែមេសា ឆ្នាំ២០២៥។