សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃពុធ ទី៨ ខែមករា ថា កូរ៉េខាងជើង «ទទួលបានប្រយោជន៍យ៉ាងសំខាន់» ពីកងទ័ពរបស់ខ្លួនដែលកំពុងចូលរួមជាមួយរុស្ស៊ីប្រយុទ្ធប្រឆាំងអ៊ុយក្រែន ដោយទទួលបានបទពិសោធន៍ ធ្វើឱ្យទីក្រុងព្យុងយ៉ាង មានសមត្ថភាពធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Camille Shea បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា រុស្ស៊ី បានពង្រឹងទំនាក់ទំនងផ្នែកការទូត និងយោធាកាន់តែជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងជើង ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទាហានកូរ៉េខាងជើងជាង ១២.០០០នាក់ស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយកាលពីខែមុនបានចាប់ផ្តើមប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

លោកស្រី Shea បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសថា «កូរ៉េខាងជើង កំពុងទទួលបានប្រយោជន៍យ៉ាងសំខាន់ពីការទទួលបានឧបករណ៍យោធា បច្ចេកវិទ្យា និងបទពិសោធន៍របស់រុស្ស៊ី ដែលធ្វើឱ្យប្រទេសនេះកាន់តែមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងប្រទេសជិតខាងរបស់ខ្លួន ។
លោកស្រី និយាយថា កូរ៉េខាងជើងទំនងជានឹងចង់ប្រើប្រាស់វឌ្ឍនភាពទាំងនេះ ដើម្បីជំរុញការលក់អាវុធ និងកិច្ចសន្យាបណ្តុះបណ្តាលយោធាជាសកល។ ឯកអគ្គរដ្ឋទូត របស់ប្រទេសកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ លោក គីម សុង បានចាត់ទុកការសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃចន្ទ ជាផ្នែកនៃផែនការដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស។