ប្រជាជនតំបន់ទីបេ ដែលបាននិរទេសខ្លួននៅក្នុងប្រទេសឥណ្ឌា បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនៅ ទីក្រុង Dharamshala ដើម្បីគោរពដល់ជនរងគ្រោះនៃការរញ្ជួយដីដ៏មហន្តរាយ។

ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៦,៨ រ៉ិចទ័រកាលពីថ្ងៃអង្គារ ទី៧ ខែមករា ជាការរញ្ជួយដីដ៏ខ្លាំងបំផុតនៅក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានទីតាំងស្ថិតនៅទីក្រុង Tingri តំបន់ទីបេរបស់ប្រទេសចិន មានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគខាងជើងនៃភ្នំ Everest ជាភ្នំខ្ពស់បំផុតរបស់ពិភពលោក។ រញ្ជយដីក៏បានអង្រួនអគារជាច្រើនខ្នងនៅក្នុងប្រទេសនេប៉ាល់ ប៊ូតង់ និងប្រទេសឥណ្ឌាដែលនៅជិតខាង ផងដែរ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១២៦នាក់បានស្លាប់ និង១៨៨នាក់បានរងរបួសនៅខាងតំបន់ទីបេ។ ប៉ុន្តែគ្មានអ្នកស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនេប៉ាល់ ឬកន្លែងផ្សេងទៀតនោះទេ។