ធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំពិភាក្សាជាអន្តរក្រសួង លើការងារហិរញ្ញវត្ថុបៃតង សម្រាប់ជាមូលដ្ឋានរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតងនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំ បើកកិច្ចពិភាក្សា របស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង ដឹកនាំដោយធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួម រៀបចំគោលនយោបាយយុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតង។
កិច្ចប្រជុំក្រុមការងារអន្តរក្រសួងនេះ មានគោលបំណងចែករំលែក បច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត ផែនការសកម្មភាព និងគំនិត ផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល និងជាការប្រមូលធាតុចូលបន្ថែម លើការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព របស់ប្រទេសកម្ពុជា លើប្រព័ន្ធវដ្តករសាស្រ្តស្តីពីហិរញ្ញវត្ថុបៃតងនៅកម្ពុជា និងលើដំណើរការរៀបចំមុខងារ និងភារកិច្ចរបស់ក្រុមការងារ ហិរញ្ញវត្ថុបៃតងអន្តរក្រសួង និងពិភាក្សាអំពីការកំណត់ការងារអាទិភាព និងទិសដៅការងារដែលត្រូវអនុវត្តបន្តនាពេលអនាគត។

បន្ថែមពីនេះ យន្តការអន្តរក្រសួងនេះក៏ផ្តល់ឱកាសឱ្យសមាជិកនីមួយៗ អាចចែករំលែកព័ត៌មាន និងចំណេះដឹង ពាក់ព័ន្ធក្នុង ការងារទប់ទល់ការបែ្រប្រួលអាកាសធាតុ ដែលជាគោលដៅសកល ក៏ដូចជាគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ពិភាក្សាលើការងារហិរញ្ញវត្ថុបៃតងនេះ ធនាគារជាតិនៃកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការជំរុញការកៀរគរប្រភពទុន សំដៅគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងមានកម្រិតកាបូនទាប៕ អត្ថបទ៖ សុន រ៉ាឌី



