ប្រភពពីរដ្ឋាភិបាល បាននិយាយថា អ្នកវាយប្រហាររហូតដល់១៨នាក់ និងទាហានម្នាក់ បានស្លាប់ នៅពេលដែលខ្មាន់កាំភ្លើង បានវាយប្រហារនៅបរិវេណអគារប្រធានាធិបតីរបស់ប្រទេសឆាដ កាលពីល្ងាចថ្ងៃពុធ។
អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីការបរទេស លោក Abderaman Koulamallah បាននិយាយតាមទូរទស្សន៍ជាតិថា អ្នករងរបួសមានអ្នកវាយប្រហារ៦នាក់ និងទាហាន៣នាក់។

របាយការណ៍ដំបូងត្រូវបានសង្ស័យថា ក្រុមភេរវករ Boko Haram បានធ្វើការវាយប្រហារ ប៉ុន្តែក្រោយមក រដ្ឋមន្ត្រីការបរទេស បានប្រាប់អ្នកសារព័ត៌មានថា នេះពុំមែនជាករណីនោះទេ ដោយកំណត់អត្តសញ្ញាណអ្នកវាយប្រហារថា ជាក្រុមប្រដាប់អាវុធមកពីស្រុកមួយក្នុងរដ្ឋធានី អិនចាមិនណា( N'Djamena) របស់ប្រទេសឆាដ។

លោក Koulamallah បាននិយាយថា ស្ថានភាពសន្តិសុខ ពេលនេះស្ថិតនៅក្រោមការគ្រប់គ្រង ហើយមិនចាំបាច់មានការភ័យខ្លាច នោះទេ។