ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានក្រើនរំលឹកដល់ នាយទាហានពលទាហាននៃកងទ័ពជើងអាកាសទាំងអស់ មិនថាកំពុងបំរើការងារ ឬបានចូលនិវត្តន៍ក៏ដោយគឺត្រូវ ជឿជាក់ដោយឥតងាក់រេលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
នៅក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ជាច្រើនរូបនាព្រឹកថ្ងៃទី៥ ខែតុលានេះ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាសឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនាពេលនេះ គឺកើតចេញពីយុទ្ធសាស្រ្តនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក រួមនឹងរៀមច្បងដែលជាប្រតិបត្តិករ ដ៏ស្មោះត្រង់ ក្នុងនោះមាននាយទាហាន ដែលបំរើការក្នុងជូរកងទ័ពជើងអាកាស បានពួតដៃគ្នាបញ្ចេញអស់ពីកម្លាំងកាយចិត្ត ដោយបានតស៊ូយ៉ាងសកម្ម ក្នុងបេសកកម្មដ៏លំបាក និងសែនមហាគ្រោះថ្នាក់ជាច្រើន ដើម្បីតែសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងប្រទេសជាតិទាំងមូល។
យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ សឹង សំណាង បានជំរុញដល់កងទ័ពនៅក្នុងបញ្ជាការដ្ឋាន កងទ័ពជើងអាកាសទាំងអស់ មិនថាកំពុងបំរើការ និងចូលនិវត្តន៍នោះ គឺត្រូវ«ជឿជាក់ដោយឥតងាករេលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ត្រូវយកចិត្តទុកដាក់ក្នុងការវិនិច្ឆ័យរាល់គ្រប់ព័ត៌មាន ទាំងក្នុងបណ្តាញសង្គម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវពិចារណារកហេតុផលឲ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តណា មួយទៅលើព័ត៌មានទាំងនោះ ដើម្បីជៀសផុតពីកំហុសឆ្គង»។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីយោធិនចូលនិវត្តន៍នេះដែរ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានបញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅការចូលនិវត្តន៍របស់យោធិន គឺត្រូវអនុវត្តន៍ទៅ តាមគោលការណ៍ដែលបានកំណត់ក្នុងច្បាប់ ហើយតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ដោយយោធិនគ្រប់រូបដែលត្រូវបានចូលនិវត្តន៍នោះ គឺត្រូវដំឡើងមួយសក្តិ ហើយក៏នឹងមានការឲ្យចូលនិវត្តន៍ជារៀងរាល់ឆ្នាំផងដែរ៕
អត្ថបទ ៖ បានចក់






