សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ (០៧ មករា) ថា សមាជិកនៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) របស់ស៊ូដង់ និងកងជីវពលសម្ព័ន្ធមិត្ត បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍យ៉ាងឃោរឃៅនៅប្រទេសស៊ូដង់ ហើយបានដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមនេះ ជុំវិញជម្លោះដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបណ្តេញមនុស្សរាប់លាននាក់ចេញពីផ្ទះសម្បែង។

ចំណាត់ការនេះបានបំផ្លាញដល់ការប៉ុនប៉ងរបស់កងកម្លាំង RSF លុបបំបាត់រូបភាពអាក្រក់របស់ខ្លួន និងអះអាងភាពស្របច្បាប់ រួមទាំងដោយការដំឡើងរដ្ឋាភិបាលស៊ីវិល ខណៈក្រុមយោធាប៉ារ៉ានេះព្យាយាមពង្រីកទឹកដីរបស់ខ្លួនឱ្យលើសពីពាក់កណ្តាលប្រទេស។

RSF បានច្រានចោលការប្រកាសរបស់អាមេរិក ស្របពេលដែលសង្គ្រាមនៅស៊ូដង់ បានបង្កើតរលកនៃអំពើហិង្សាជំរុញដោយជនជាតិភាគតិច ដែលបានស្តីបន្ទោសយ៉ាងច្រើនមកលើក្រុមនេះ។ RSF ក៨ត្រូវចោទថាបានធ្វើយុទ្ធនាការលួចប្លន់ទ្រង់ទ្រាយធំនៅទូទាំងតំបន់នានាក្នុងស៊ូដង់ ដោយការសម្លាប់តាមអំពើចិត្ត និងការបៀតបៀនផ្លូវភេទជនស៊ីវិល។

RSF បន្តបដិសេធម្ដងហើយម្ដងទៀតថាខ្លួនមិនធ្វើបាបជនស៊ីវិលទេ ហើយចោទដាក់គូប្រជែងរបស់ខ្លួន។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំ RSF លោក Mohamed Hamdan Dagalo ដោយរារាំងលោក និងក្រុមគ្រួសារ មិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក ដែលលោកកាន់កាប់៕