អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង ១០ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម M23 នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានអះអាងថា ការប៉ះទង្គិចគ្នា បានកើតឡើង នៅក្នុងទឹកដី Masisi នៃខេត្ត North Kivu ហើយបានបង្កឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ ស្លាប់ និង ៦នាក់ផ្សេងទៀត រងរបួស។
ការិយាល័យនេះ បានបន្ថែមថា៖«នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន ការវាយប្រហារដ៏ហិង្សាដោយក្រុមប្រដាប់អាវុធមិនមែនរដ្ឋផ្សេងៗគ្នា បានកើនឡើង នៅក្នុងផ្នែកខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលបណ្តាលឲ្យប្រជាជនធ្វើឲ្យការផ្លាស់ទីលំនៅ»។

នៅចុងខែធ្នូឆ្នាំ ២០២៤ មនុស្សជាង ២,៧លាននាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងខេត្ត North Kivu។ នៅចន្លោះខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដៃគូរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៣៨នាក់ ត្រូវបានសម្លាប់ និងជាង ១០០នាក់ទៀត ត្រូវបានចាប់ពង្រត់។