ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការគោរពឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី បដិសេធការជ្រៀតជ្រែកពីបរទេស ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងគោរពភាពចម្រុះនៃសាសនា និងវប្បធម៌របស់ប្រទេសនេះ ខណៈដែលចាប់ផ្តើមជំពូកថ្មីនៃប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីការដួលរលំរបស់មេដឹកនាំផ្តាច់ការដ៏យូរលោក បាសា អាល់អា សាដ (Bashar al-Assad)។

ថ្លែងក្នុងនាមក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) តំណាងអចិន្ត្រៃយ៍របស់ប្រទេសកូវ៉ែតប្រចាំនៅអង្គការសហប្រជាជាតិ លោកTareq Albanai បានសម្តែងការគាំទ្ររបស់ខ្លួនសម្រាប់ដំណើរការនយោបាយដ៏ទូលំទូលាយ និងបរិយាប័ន្ន ឆ្ពោះទៅរកការផ្សះផ្សាជាតិ និងការខិតខំប្រឹងប្រែង ដើម្បីកសាងរដ្ឋឡើងវិញ។

លោកបានអំពាវនាវឲ្យមានឯកភាពជាតិ និងការសន្ទនាគ្រប់ជ្រុងជ្រោយ ដោយបន្ថែមថា «ស្ថិរភាពនៃប្រទេសស៊ីរី គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព ក្នុងតំបន់»។
លោក Albanai បាននិយាយនៅក្នុងកិច្ចប្រជុំដំបូងនៃឆ្នាំនេះរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីប្រទេសស៊ីរី។ លោកបានប្រាប់សមាជិកទាំងអស់ថា GCC បានសម្រេចចិត្តចូលរួម នៅក្នុងកិច្ចប្រជុំនេះតែប៉ុណ្ណោះ «ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយប្រទេសស៊ីរី ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច អភិវឌ្ឍន៍ និងមនុស្សធម៌»។
លោកបានបន្ថែមថា រដ្ឋជាសមាជិក GCC បដិសេធយ៉ាងដាច់អហង្ការចំពោះការវាយប្រហារម្តងហើយម្តងទៀតលើស៊ីរី ដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ហើយអំពាវនាវឲ្យដកចេញជាបន្ទាន់ពីទឹកដីស៊ីរី។