ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) កាលពីថ្ងៃអង្គារ បាននិយាយថា មិនមានកន្លែងសម្រាប់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ក្រោមការដឹកនាំរបស់ក្រុមឥស្លាមនិយមថ្មីរបស់ខ្លួន នៅក្នុងការព្រមានអំពីកងកម្លាំងឃើដ នៅទីនោះ។

ការដួលរលំរបស់បុរសខ្លាំងស៊ីរីលោក បាសា អាល់អាសាដ( Bashar al-Assad) កាលពីខែមុន បានបង្កើនការរំពឹងទុកនៃការធ្វើអន្តរាគមន៏របស់ប្រទេសទួរគី នៅក្នុងប្រទេសនេះ ប្រឆាំងនឹងកងកម្លាំងឃើដ ដែលត្រូវបានចោទប្រកាន់ដោយទីក្រុងអង់ការ៉ាថា មានទំនាក់ទំនងជាមួយក្រុមបំបែកខ្លួនប្រដាប់អាវុធ។

ការិយាល័យរបស់មេដឹកនាំទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអត្ថាធិប្បាយរបស់លោក អឺដូហ្កាន់ បានកើតឡើង ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងអង់ការ៉ា ជាមួយនាយករដ្ឋមន្ត្រីនៃតំបន់ឃើដរបស់ប្រទេសអ៊ីរ៉ាក់ លោក Masrour Barzani។
លោក អឺដូហ្កាន់ បានប្រាប់លោក Barzani ថា ប្រទេសទួរគី កំពុងធ្វើការ ដើម្បីទប់ស្កាត់ការបណ្តេញលោក អាសាដ ចេញពីតំណែង នៅក្នុងប្រទេសស៊ីរីដែលនៅជិតខាង ពីការបង្កអស្ថិរភាពថ្មី នៅក្នុង តំបន់។
លោក អឺដូហ្កាន់ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានកន្លែងសម្រាប់ «អង្គការភេរវកម្ម ឬសមាសភាពពាក់ព័ន្ធ នៅក្នុងអនាគតនៃប្រទេសស៊ីរីថ្មីទេ»។
ទីក្រុងអង់ការ៉ា បានចោទប្រកាន់កងកម្លាំងឃើដឈានមុខគេមួយ នៅក្នុងប្រទេសស៊ីរី អង្គភាពការពារប្រជាជន (YPG) ថាមានទំនាក់ទំនងជាមួយគណបក្សពលករឃើដ (PKK) ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ នៅក្នុងប្រទេសទួរគី។