ប្រធានអង្គការថាមពលបរមាណូរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសនេះ កំពុងសាងសង់អគារអង្គភាពថ្មីចំនួនពីរ នៅរោងចក្រថាមពលនុយក្លេអ៊ែរ នៅខេត្ត Bushehr ភាគខាងត្បូង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ។
ប្រធានអង្គការថាមពលបរមាណូនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានធ្វើការអត្ថាធិប្បាយ នៅក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកសភាអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីតេអេរ៉ង់ ( Tehran) កាលពីថ្ងៃអង្គារ។
លោក Eslami បានបញ្ជាក់ថា មនុស្ស ៥.000នាក់ កំពុងធ្វើការគ្រប់ពេល និងពេញសមត្ថភាព» ដើម្បីសាងសង់អគារអង្គភាពលេខ ២ និងលេខ៣ របស់រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ស្របតាមគោលដៅនៃការសម្រេចបាននូវការកើនឡើងចំនួនបីដង ក្នុងការផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសនេះ។
លោកបានបន្តថា អង្គភាពដំបូងរបស់រោងចក្រថាមពល មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយបានបង្កើតថាមពលអគ្គិសនីបានជាង ៧,៤ ពាន់លានគីឡូវ៉ាត់ម៉ោង។
លោក Eslami បានបន្ថែមថា ផែនការច្បាស់លាស់មួយ ត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅខេត្តភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ដូចជា Bushehr, Khuzestan, Hormozgan និង Sistan និង Baluchestan ព្រមទាំងខេត្តភាគខាងជើងGolestan ដើម្បីបង្កើនការផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសនេះ ដល់ ២០.000 មេហ្គាវ៉ាត់ នៅឆ្នាំ ២០៤២។