ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump និងសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានចំណាយពេលជិត ២ម៉ោង ក្នុងកិច្ចប្រជុំបិទទ្វារ អំពីរបៀបវារៈនាពេលខាងមុខរបស់លោក កាលពីថ្ងៃពុធ (ទី៨ ខែមករា) ប៉ុន្តែបានលេចមុខឡើងដោយគ្មានបង្ហាញនូវយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបានអនុម័តផែនការរបស់លោក ក្នុងការកាត់បន្ថយពន្ធ ជំរុញការផលិតឥន្ធនៈហ្វូស៊ីល និងនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់។
អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់វិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក គិតចាប់តាំងពីអ្នកគាំទ្ររបស់លោក បានសម្រុកចូលអគារនេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក Trump បានធ្វើការពិភាក្សាយ៉ាងទូលំទូលាយដែលពាក់ព័ន្ធដល់ការជ្រើសរើសគណៈរដ្ឋមន្ត្រីរបស់លោក ព្រែកជីកប៉ាណាម៉ា និងការខួងយកប្រេង នៅរដ្ឋ Alaska ក៏ដូចជារបៀបវារៈនីតិបញ្ញត្តិរបស់លោកផងដែរ។
ដោយមានសំឡេងភាគច្រើនស្ដួចស្ដើង នៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ដ្រ សមាជិកគណបក្សសាធារណរដ្ឋ នៅសភាទាំង២ បានប៉ះទង្គិចគ្នា ជុំវិញថា តើត្រូវអនុម័តពន្ធ ព្រំដែន ថាមពល និងអាទិភាពយោធារបស់លោក Trump ជាច្បាប់តែមួយ ឬក៏ពីរ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ចង់បំបែករបៀបវារៈរបស់លោក Trump ទៅជាសេចក្ដីស្នើច្បាប់ចំនួន ២ ដែលអនុញ្ញាតឲ្យពួកគេទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សលើគោលនយោបាយព្រំដែន និងថាមពល មុនពេលងាកទៅរកបញ្ហាពន្ធដ៏ស្មុគស្មាញ។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ព្រមានថា ការគ្រប់គ្រងកៅអីដ៏តិចតួចរបស់ពួកគេ ធ្វើឲ្យមានហានិភ័យមិនអាចអនុម័តសេចក្ដីស្នើច្បាប់ទី២ ដើម្បីបន្តការកាត់ពន្ធឆ្នាំ២០១៧ របស់លោក Trump ដែលផុតកំណត់នៅចុងឆ្នាំនេះ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «មានការនិយាយច្រើន អំពីច្បាប់ ២ ដាច់ពីគ្នា ហើយមានការនិយាយច្រើន អំពីការមានច្បាប់តែ១។ ប៉ុន្តែវាមិនសំខាន់ទេ។ លទ្ធផលចុងក្រោយ គឺដូចគ្នា។ យើងនឹងសម្រេចឲ្យបាន»៕