នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី លោក Robert Fico បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងធ្វើដំណើរទៅទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយស្នងការអឺរ៉ុបទទួលបន្ទុកថាមពល អំពីបញ្ហាការបញ្ជូនឧស្ម័ន។
លោក Fico នៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គម មុនការធ្វើដំណើរ លោកបានបញ្ជាក់ពីការខាតបង់សេដ្ឋកិច្ចដែលប្ររទេសស្លូវ៉ាគីប្រឈមមុខ ដោយសារតែការសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែន ក្នុងការបញ្ឈប់ការបញ្ជូនឧស្ម័ន។
លោក បាននិយាយថា ការបញ្ឈប់នេះ អាចបណ្តាលឱ្យមានការខាតបង់ជិត១,៥ពាន់លានអឺរ៉ូ ឬ(១,៥៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសស្លូវ៉ាគី និងប្រហែល៧០ពាន់លានអឺរ៉ូ ឬ (៧២,១ ពាន់លានដុល្លារអាមេរិក) សម្រាប់សហភាពអឺរ៉ុប។
លោក Fico បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ពីការបំផ្លាញផលប្រយោជន៍ហិរញ្ញវត្ថុរបស់ប្រទេសស្លូវ៉ាគី និងសហភាពអឺរ៉ុប ទោះបីជាមានការបញ្ជាក់របស់គណៈកម្មការអឺរ៉ុបថា គ្មានអ្វីរារាំងអ៊ុយក្រែនជាផ្លូវច្បាប់ មិនឲ្យបន្តការបញ្ជូនឧស្ម័នរបស់រុស្ស៊ីឡើយ។
លោក Fico និយាយថា «ទាំងប្រទេសស្លូវ៉ាគី និងសហភាពអឺរ៉ុប ពុំមានសង្រ្គាមទេ។ យើងគ្មានហេតុផលណាដើម្បីអត់ឱនចំពោះចំណាត់ការរបស់ លោក Zelenskyឡើយ ជាពិសេសការពិចារណាលើជំនួយដែលប្រទេសស្លូវ៉ាគី និងសហភាពអឺរ៉ុប ផ្តល់ដល់អ៊ុយក្រែន»។
កិច្ចសន្យាបញ្ជូនឧស្ម័ន រវាងអ៊ុយក្រែន និងរុស្ស៊ី បានផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលនាំទៅដល់ការបញ្ឈប់លំហូរឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី នៅថ្ងៃបន្ទាប់ ខណៈលោក Zelensky ជ្រើសរើសការមិនបន្តកិច្ចព្រមព្រៀង។