កងកម្លាំងសន្តិសុខ បានរារាំងមនុស្សមិនឲ្យទៅដល់អាកាសយានដ្ឋានក្នុងរដ្ឋធានីនៃប្រទេសម៉ូសំប៊ិក នៅ ថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេដឹកនាំបក្សប្រឆាំងលោក Venancio Mondlane គ្រោងនឹងមកដល់ប្រទេសវិញពីការនិរទេសខ្លួន ដើម្បីបញ្ជាក់ពីការអះអាងរបស់គាត់ថា គាត់បានឈ្នះការបោះឆ្នោតប្រធានាធិបតី។
អ្នកយកព័ត៌មាន AFP ម្នាក់ នៅកន្លែងកើតហេតុ បាននិយាយថា នៅឯរបាំងបិទផ្លូវមួយក្នុងចំណោមរបាំងជាច្រើន ដែលបានដំឡើងនៅជុំវិញព្រលានយន្តហោះ កងកម្លាំងសន្តិសុខ បានបាញ់ឲ្យរបួសយុវជនម្នាក់ក្នុងចំណោមរាប់រយនាក់ ដែលភាគច្រើនចង់ទៅដល់ព្រលានយន្តហោះ ដើម្បីស្វាគមន៍លោក Mondlane ដែលវិលត្រឡប់ចូលប្រទេសវិញ។

លោក Mondlane បានប្រកាសកាលពីសប្តាហ៍មុនថា គាត់នឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Maputo នៅម៉ោងប្រហែល៨:00 ព្រឹក (ម៉ោង0៦:00 ម៉ោងសកល) ក្នុងគោលបំណង ដើម្បីបន្តការទាមទាររបស់គាត់ចំពោះ«ការពិតនៃការបោះឆ្នោត» បន្ទាប់ពីការបោះឆ្នោតខែតុលា។
លោកអះអាងថា ការបោះឆ្នោតនេះ ត្រូវបានគេក្លែងបន្លំ ដើម្បីគាំទ្របេក្ខភាពនៃគណបក្ស Frelimo ដែលកំពុងកាន់អំណាច គឺលោក Daniel Chapo ដែលនឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី ១៥ ខែមករាខាងមុខនេះ។
