ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយថា ការប្រយុទ្ធគ្នារវាងក្រុមគាំទ្រដោយទួរគី ដែលគាំទ្រដោយការវាយប្រហារតាមអាកាស និងកងកម្លាំងដឹកនាំដោយឃើដ បានសម្លាប់មនុស្ស ៣៧នាក់ នៅក្នុងតំបន់ Manbij ភាគខាងជើងប្រទេសស៊ីរី នៅថ្ងៃព្រហស្បតិ៍នេះ។
ការប្រយុទ្ធគ្នាដែលត្រូវបានរាយការណ៍ចុងក្រោយនេះ បានកើតឡើង បើទោះបីជាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើការ ដើម្បីដោះស្រាយកង្វល់របស់ទួរគី នៅក្នុងប្រទេសស៊ីរី ដើម្បីរារាំងសម្ព័ន្ធមិត្តណាតូ ពីការបង្កើនការវាយលុកប្រឆាំងនឹងក្រុមយុទ្ធជនឃើដ។

ក្រុមឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ថា៖«ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នៅទីជនបទ Manbij ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (ដឹកនាំដោយឃើដ) និងក្រុមកងទ័ពជាតិ (គាំទ្រដោយទួរគី)...ដោយមានការការពារតាមអាកាសរបស់ទួរគី»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេសដែលមានបណ្តាញប្រភពនៅក្នុងប្រទេសស៊ីរី បាននិយាយថា៖«ការវាយប្រហារនោះ បានសម្លាប់មនុស្ស ៣៧នាក់ ជាចំនួនស្លាប់់បឋម» ដែលភាគច្រើនជាយុទ្ធជនគាំទ្រដោយទួរគី ប៉ុន្តែក៏មានយុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ចំនួន ៦នាក់ និងជនស៊ីវិល ៥នាក់ ផងដែរ ។
ក្រុមឃ្លាំមើល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣២២នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា នៅតំបន់ជនបទ Manbij ចាប់តាំងពីខែមុនមក។
