រដ្ឋាភិបាល កាលពីថ្ងៃពុធ (ទី៨ ខែមករា) បានឲ្យដឹងថា ចក្រភពអង់គ្លេសនឹងបង្កើតប្រព័ន្ធទណ្ឌកម្មថ្មីមួយដើម្បីផ្ដោតលើមេខ្លោងនៃបណ្តាញអន្តោប្រវេសន៍ខុសច្បាប់ ដែលជួយសម្រួល និងរកប្រាក់ចំណេញពីការរត់ពន្ធមនុស្សរាប់ម៉ឺននាក់ចូលក្នុងប្រទេសនេះជារៀងរាល់ឆ្នាំ។
រដ្ឋាភិបាលអង់គ្លេសដែលស្ថិតក្រោមសម្ពាធនយោបាយធ្ងន់ធ្ងរ ដើម្បីឲ្យកាត់បន្ថយចំនួនអ្នកធ្វើដំណើរតាមទូកតូចៗពីប្រទេសបារាំង បានប្រាប់ថា ច្បាប់នឹងធ្វើការរួមជាមួយនឹងកំណែទម្រង់ផ្សេងទៀត ដើម្បីជួយពួកគេផ្ដោតលើក្រុមអន្ធពាល ដែលនៅពីក្រោយការជួញដូរ។

តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Yvette Cooper បាននិយាយថា៖ «ជាមួយនឹងទណ្ឌកម្មថ្មីទាំងនេះ យើងនឹងផ្ដោតលើការរកប្រាក់ចំណេញដោយការធ្វើឲ្យជីវិតអ្នកដទៃប្រឈមនឹងហានិភ័យ និងរំខានដល់ហិរញ្ញវត្ថុរបស់ក្រុមអន្ធពាល ដោយធ្វើឲ្យពួកគេកាន់តែពិបាក ក្នុងការធ្វើប្រតិបត្តិការ»។
គោលនយោបាយនេះ នឹងក្លាយជាចំណុចសំខាន់នៃសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេស លោក David Lammy នាថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ ដោយប្រឹងប្រែងបង្ហាញពីវិធីសាស្ត្រសម្របសម្រួលរួមគ្នា រវាងក្រសួងការបរទេស និងក្រសួងមហាផ្ទៃ។
រដ្ឋាភិបាលបានលើកឡើងថា ក្របខណ្ឌដាក់ទណ្ឌកម្ម នឹងត្រូវបានដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៥ នេះ ហើយផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរ ក្នុងការហាមឃាត់គោលដៅមិនឲ្យចូលប្រទេសអង់គ្លេស បង្កកទ្រព្យសម្បត្តិ នៅក្នុងប្រទេស និងដាក់ទណ្ឌកម្មអ្នកផ្សេងទៀត ដែលបានព្យាយាមធ្វើអាជីវកម្មជាមួយពួកគេ៕

