ប្រភពពីក្រសួងការបរទេសទួរគី នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ បានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងអង់ការ៉ា ក្នុងសប្តាហ៍នេះ មន្ត្រីទួរគីនឹងប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Bass ថា ប្រទេសស៊ីរីចាំបាច់ត្រូវកម្ចាត់ក្រុមភេរវករ ដើម្បីទទួលបានស្ថិរភាព និងសន្តិសុខ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Bass កើតឡើងចំពេលមានការព្រមានម្តងហើយម្តងទៀតពីទួរគីថា ខ្លួនអាចបង្កើនការវាយលុកយោធាឆ្លងព្រំដែនចូលទៅក្នុងភាគឦសានស៊ីរី ប្រឆាំងនឹងកងជីវពលឃឺដ YPG ប្រសិនបើក្រុមនេះមិនបំពេញតាមការទាមទាររបស់ខ្លួនទេនោះ។

ក្រុម YPG បានដឹកនាំកងកម្លាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺក្រុមប្រជាធិបតេយ្យស៊ីរី (SDF) ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការយកជ័យជម្នះលើរដ្ឋឥស្លាម នៅស៊ីរី។ តែយ៉ាងណាក្ដី ទីក្រុងអង់ការ៉ាចាត់ទុកក្រុមនេះថា ជាភេរវករ និងជាផ្នែកបន្ថែមនៃពួកសកម្មប្រយុទ្ធឃឺដ ដែលបានបះបោររាប់ទសវត្សរ៍មកហើយ ប្រឆាំងនឹងរដ្ឋទួរគី ហើយបាននិយាយថា ក្រុមនេះត្រូវតែទម្លាក់អាវុធ និងរំសាយចោល។
ប្រភពបាននិយាយថា ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអង់ការ៉ា នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ លោក Bass នឹងជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសទួរគី ដោយបន្ថែមថាកិច្ចពិភាក្សានឹងផ្តោតលើស៊ីរី។
ប្រភពបានបញ្ជាក់ថា ការពិភាក្សាត្រូវបានគេរំពឹងថា នឹង «ផ្តោតលើវិធានការនានា ដើម្បីទទួលបានស្ថិរភាព និងសន្តិសុខ នៅក្នុងប្រទេសស៊ីរី និងដើម្បីគាំទ្រដល់ការបង្កើតរដ្ឋាភិបាលមួយដែលប្រកបដោយបរិយាបន្ន»៕

