ស្ថានទូតអាមេរិក នៅទីក្រុង Copenhagen នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកមិនមានគម្រោងបង្កើនវត្តមានយោធារបស់ខ្លួន នៅដែនដី Greenland នោះទេ បន្ទាប់ពីមានការចាប់អារម្មណ៍ជាថ្មីរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការទិញយកកោះអាកទិកមួយនេះ។
គួរបញ្ជាក់ថា លោក Trump ដែលត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករានេះ បាននិយាយនៅសប្តាហ៍នេះថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះអាកទិកដ៏សំខាន់មួយ គឺជា «ភាពចាំបាច់» ហើយមិនបានបដិសេធមិនប្រើវិធានការយោធា ឬសេដ្ឋកិច្ច ដូចជាការដំឡើងពន្ធលើប្រទេសដាណឺម៉ាកជាដើម ដើម្បីឲ្យការគ្រប់គ្រងកើតឡើងបាន។

អ្នកនាំពាក្យបានប្រាប់សារព័ត៌មាន Reuters ថា៖ «មិនមានគម្រោងបង្កើនវត្តមានយោធាបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក នៅដែនដី Greenland នោះទេ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុង Copenhagen និង Nuuk ដើម្បីធានាបាននូវសំណើណាមួយ ដែលឆ្លើយតបនឹងតម្រូវការសន្តិសុខរួមរបស់យើង»។
ដែនដី Greenland មានសារៈសំខាន់ សម្រាប់យោធាអាមេរិក និងប្រព័ន្ធប្រកាសអាសន្នដំបូងពីមីស៊ីលបាលីស្ទិក ដោយសារវាជាផ្លូវចម្ងាយជិតបំផុតពីអឺរ៉ុបទៅអាមេរិកខាងជើង តាមរយៈការធ្វើដំណើរកាត់កោះនេះ។ យោធាអាមេរិកបន្តមានវត្តមានអចិន្ត្រៃយ៍ នៅឯមូលដ្ឋានទ័ពអាកាស Pituffik នៅភាគពាយព្យនៃកោះ Greenland៕

