បាតុករកូរ៉េខាងត្បូងដែលគាំទ្រ និងប្រឆាំងលោកប្រធានាធិបតីរងការចោទប្រកាន់ Yoon Suk Yeol បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង ពេលដែលពួកគេបោះជំរំនៅជិតគេហដ្ឋានរបស់មេដឹកនាំម្នាក់នេះ ស្ថិតក្នុងទីក្រុងសេអ៊ូល ខណៈសីតុណ្ហភាពធ្លាក់ចុះដល់ -១០អង្សាសេ នាថ្ងៃព្រហស្បតិ៍នេះ ។
លោក Yoon ដែលត្រូវបានព្យួរការងារក្រោយការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ និងស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្មសម្រាប់លទ្ធភាពនៃការបះបោរនោះ បានសម្ងំលាក់ខ្លួននៅក្នុងផ្ទះរបស់លោក ស្ថិតលើកំពូលភ្នំ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមានការយាមកាមពីកងកម្លាំងសន្តិសុខមួយក្តាប់តូចប៉ុណ្ណោះ ។

ខណៈពេលនោះដែរ ក្រុមបាតុករប្រឆាំង និងគាំទ្រលោក Yoon បានព្យាយាមដណ្តប់ភួយក្រាស់ៗ និងទទួលទានមីឆុង ដើម្បីធ្វើឲ្យពួកគេកក់ក្តៅ នៅថ្ងៃដែលគេយល់ឃើញថាអាចជាថ្ងៃដ៏ត្រជាក់បំផុតនារដូវរងា ។
អ្នកស្រី Auh Yu-jin វ័យ ៥២ឆ្នាំដែលជាអ្នកគាំទ្រលោក Yoonនិយាយថា គាត់ស្លៀកពាក់ខោអាវក្រាស់ៗច្រើនជាន់ និងពាក់ស្រោមដៃ មួក និងស្បែកជើងការពារភាពត្រជាក់ ។
អ្នកស្រីបន្តថា អ្នកស្រីគិតថា មិនមែនមានតែគាត់ម្នាក់ទេ ប៉ុន្តែមនុស្សទាំងអស់នៅជុំវិញគាត់ ពួកគេចេញមក ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ឬព្រួយបារម្ភពីស្ថានភាពបច្ចុប្បន្ន អ្នកស្រីគិតថា ពួកយើងអស់សង្ឃឹមខ្លាំង ។
ដោយឡែក លោក Jung Young-kookវ័យ ៥៦ឆ្នាំ គឺជាបាតុករប្រឆាំងលោក Yoon និយាយថា បើសិនបើលោក Yoon Suk-yeol ត្រូវបានចាប់ខ្លួន និងឃាត់ខ្លួន កម្រិតនៃភាពត្រជាក់បែបនេះ គឺជាអ្វីមួយដែលពួកយើងកាន់តែអាចស៊ូទ្រាំបានថែមទៀត ៕

