យោងតាមមន្ត្រីអាមេរិកមួយរូប បានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden ត្រូវបានគេរំពឹងថា នឹងបង្ហាញការដាក់ទណ្ឌកម្មថ្មីដែលផ្តោតលើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃវិធានការជួយជំរុញដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងគីវ ប្រឆាំងនឹងទីក្រុងម៉ូស្គូ មុនពេលលោក Donald Trump ចូលកាន់តំណែង។
មន្ត្រីអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា វិធានការនេះកើតឡើងក្នុងពេលដែលរដ្ឋបាលរបស់លោក Biden ក៏កំពុងត្រៀមផ្តល់ជំនួយយោធាថ្មីចំនួន ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ ដែលគ្រោងនឹងរួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស អាវុធបាញ់ពីអាកាសទៅដី និងឧបករណ៍ជំនួយ សម្រាប់យន្តហោះចម្បាំង F-16។
ការវិលត្រលប់របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ទៅកាន់សេតវិមានវិញ នៅថ្ងៃទី២០ ខែមករា បានជំរុញឲ្យមានក្តីសង្ឃឹមពីដំណោះស្រាយការទូត ដើម្បីបញ្ចប់ការលុកលុយរបស់ទីក្រុងមូស្គូ ប៉ុន្តែក៏បង្កជាក្ដីកង្វល់ដល់ទីក្រុងគីវផងដែរ ដែលថា ការមាននូវសន្តិភាពយ៉ាងឆាប់រហ័សអាចកើតឡើងជាមួយនឹងការបាត់បង់យ៉ាងធំធេង។
ទីប្រឹក្សារបស់លោក Trump បានបង្ហោះសំណើ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលនឹងអនុញ្ញាតឲ្យរុស្ស៊ីគ្រប់គ្រងដោយភាគច្រើននៃដែនដីរបស់ប្រទេសនេះប្រកបដោយប្រសិទ្ធភាព សម្រាប់អនាគតដ៏ខ្លីខាងមុខ។ រីឯជំនួយការរបស់លោក Biden លើកឡើងថា ពួកគេចង់ឲ្យអ៊ុយក្រែនស្ថិតក្នុងជំហរដ៏រឹងមាំបំផុត នៅសមរភូមិ ដើម្បីជួយឲ្យប្រទេសនេះមានប្រៀប សម្រាប់ការចរចាដែលអាចមានជាមួយរុស្ស៊ី នៅឆ្នាំនេះ។
យ៉ាងណាក្ដី មន្ត្រីរូបនេះបានបន្ថែមថា មិនមានព័ត៌មានលម្អិតភ្លាមៗ អំពីទណ្ឌកម្មដែលលោក Biden នឹងដាក់ចេញក្នុងប៉ុន្មានថ្ងៃចុងក្រោយរបស់លោកនោះទេ ប៉ុន្តែជំនួយការរបស់លោក Biden កំពុងពន្យល់ប្រាប់ជំនួយការរបស់លោក Trump អំពីវិធានការដែលពួកគេកំពុងធ្វើ៕