រដ្ឋាភិបាលរបស់ប្រទេសអាមេនី នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ បានផ្តល់ការយល់ព្រម ចំពោះសេចក្ដីស្នើច្បាប់ដែលអំពាវនាវឲ្យអតីតប្រទេសរបស់សហភាពសូវៀតមួយនេះ ចាប់ផ្តើមកិច្ចប្រឹងប្រែង ដើម្បីបានកា្លយជាសមាជិករបស់សហភាពអឺរ៉ុប (EU)។
អាមេនី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយលោកខាងលិច ដោយងាកចេញពីការប្រាស្រ័យទាក់ទងដ៏ជិតស្និទ្ធជាប្រពៃណីជាមួយទីក្រុងមូស្គូ ដែលខ្លួនបានចោទប្រកាន់ថា មិនបានការពារកុំឲ្យមានការយាយីពីគូអរិដ៏យូរអង្វែង គឺប្រទេសអាស៊ែបៃហ្សង់។
សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង បន្ទាប់ពីញត្តិមួយត្រូវបានអនុម័ត។ នៅក្នុងឯកសារដែលសារព័ត៌មាន Reuters បានឃើញ រដ្ឋាភិបាលបានគាំទ្រការដាក់ពង្រាងច្បាប់របស់ខ្លួនទៅកាន់សភា ដោយនិយាយថា វានឹងតំណាងឲ្យ «ការចាប់ផ្តើមនៃដំណើរការសុំសិទ្ធិចូលជាសមាជិករបស់សាធារណរដ្ឋអាមេនី ទៅកាន់សហភាពអឺរ៉ុប»។
ទីក្រុងប៊្រុចសែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីរបស់អាមេនីនេះ។ អតីតសមាជិករបស់សហភាពសូវៀត ៣នាក់ផ្សេងទៀត ដែលមានអេស្តូនី ឡាត់វី និងលីទុយអានី បានចូលរួមជាមួយប្លុកនេះ ជាដំណើរការចរចារយៈពេលជាច្រើនឆ្នាំដែលតម្រូវឲ្យមានសុខដុមនីយកម្មជាមួយច្បាប់របស់ EU ក្នុងចំណោមកិច្ចការផ្សេងៗទៀត។
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានគូសបញ្ជាក់ទៅកាន់គណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះថា សាធារណជនមិនគួររំពឹងថា នឹងមានការចូលរួមយ៉ាងឆាប់រហ័សនោះទេ ហើយថា ក្នុងករណីណាក៏ដោយ វានឹងទាមទារការយល់ព្រមដោយការធ្វើប្រជាមតិ៕