ក្រុមមន្រ្តីចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអាជ្ញាធរ បានផ្លាស់ទីមនុស្សជាង ៤៧.០០០នាក់ ទៅកាន់ទីជម្រកនៅតំបន់ទីបេត៍ដែលរងការវាយប្រហារពីការរញ្ជួយដី ខណៈក្រុមជួយសង្រ្គោះ បង្កើនកិច្ចខិតខំរបស់ពួកគេ សម្រាប់អ្នករស់រាននៅជិតជើងភ្នំហិម៉ាឡៃមួយនេះ បើទោះបីជាក្តីសង្ឃឹមមានតិចតួចក៏ដោយ សម្រាប់អ្នករស់រាន ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា មនុស្សប្រហែល ៤៧.៥០០នាក់ បានរងផលប៉ះពាល់ដោយសារការរញ្ជួយដែលបានអង្រួនទីតាំងចំនួន ១៨៧កន្លែងនៅតាមទីក្រុងជាច្រើន ជុំវិញចំណុចកណ្តាលរបស់វា ។ ផ្ទុះសម្បែងប្រហែល ១ពាន់ខ្នង រងការបំផ្លិចបំផ្លាញ ត្រឹមរយៈពេល ១០នាទីប៉ុណ្ណោះ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេ ថាតើនៅមានមនុស្សប៉ុន្មាននាក់ទៀត កំពុងបាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្ស ១២៦នាក់ និងមនុស្ស ១៨៨នាក់ផ្សេងទៀត រងរបួស ប៉ុន្តែក្រុមអ្នកជំនាញ និយាយថា ក្រោយរយៈពេលជាង ៤៨ម៉ោង ក្រោមអាកាសធាតុត្រជាក់ខ្លាំង អ្នកដែលនៅជាប់ខ្លួនក្រោមគំនរបាក់បែក ទំនងជាត្រូវស្លាប់ដោយសារការថយចុះកម្តៅ ។
សូមបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតក្នុងតំបន់នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្ថិតនៅស្រុកជនបទ Tingri ដែលមានពលរដ្ឋរស់នៅប្រហែល ៦ម៉ឺននាក់ និងស្ថិតនៅចម្ងាយប្រហែល ៨០គ.មភាគខាងជើងភ្នំ Everest ដែលជាភ្នំមានកំពូលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕