ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) បានលើកឡើងថា ការស៊ើបអង្កេតមួយ បានរកឃើញថា សហភាពអឺរ៉ុប (EU) បានដាក់ «របាំងពាណិជ្ជកម្ម និងការវិនិយោគ» យ៉ាងអយុត្តិធម៌ លើទីក្រុងប៉េកាំង ដោយនេះជាការរិះគន់ចុងក្រោយបំផុត នៅក្នុងភាពតានតឹងពាណិជ្ជកម្មដ៏យូរអង្វែង រវាងមហាអំណាចសេដ្ឋកិច្ចទាំង២។
ក្រុមមន្ត្រីបានប្រកាសពីការស៊ើបអង្កេតកាលពីខែកក្កដា បន្ទាប់ពីទីក្រុងប្រ៊ុចសែល បានចាប់ផ្តើមរកមើលថា តើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន កំពុងប៉ះពាល់ដល់ការប្រកួតប្រជែង នៅអឺរ៉ុបដែរ ឬទេ។ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធជានិច្ចថា គោលនយោបាយឧស្សាហកម្មរបស់ EU មិនយុត្តិធម៌ ហើយបានគំរាមចាត់វិធានការប្រឆាំងនឹងប្លុកនេះ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមករានេះ បានប្រាប់ឲ្យដឹងថា ការអនុវត្តបទប្បញ្ញត្តិឧបត្ថម្ភធនបរទេស (FSR) របស់សហភាពអឺរ៉ុប បានបង្ហាញពីភាពអគតិ ចំពោះក្រុមហ៊ុនចិន ហើយ «បង្កើតជារបាំងពាណិជ្ជកម្ម និងការវិនិយោគ»។
ទោះជាយ៉ាងណាក្ដី ក្រសួងមិនបានបង្ហើបឲ្យដឹងនោះឡើយថា តើក្រុងប៉េកាំងមានគម្រោងចាត់វិធានការជាការឆ្លើយតបដែរ ឬយ៉ាងណា។ មហាអំណាចសេដ្ឋកិច្ចទាំង២ គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែត្រូវបានជាប់គាំង ដោយសារការប្រឈមមុខគ្នាលើបញ្ហាជាច្រើន ជាពិសេស ពាក់ព័ន្ធនឹងការគាំទ្ររបស់ទីក្រុងប៉េកាំង សម្រាប់វិស័យដែលអាចកកើតឡើងវិញ និងយានយន្តអគ្គិសនី៕