នៅថ្ងៃព្រហស្បតិ៍នេះ ព្រិលបានចាប់ផ្តើមគ្របដណ្តប់ពាសពេញទីក្រុង Buxton ពេលដែលអាកាសធាតុត្រជាក់ខ្លាំង វាយប្រហារចក្រភពអង់គ្លេស ។
អ្នកស្រុករស់នៅក្នុងទីក្រុង Buxton ស្ថិតនៅតំបន់ East Midlands បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ ពេលដែលទីក្រុងមួយនេះ គ្របដណ្តប់ដោយព្រិលធ្លាក់សក្បុស និងសីតុណ្ហភាពត្រជាក់ខ្លាំងដល់កម្រិតកក ។
លោក Andy Randal គឺជាអ្នកបើកបររថយន្តធំមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងជួបការលំបាកខ្លាំងណាស់ ពេលទទួលរងអាកាសធាតុត្រជាក់បែបនេះ ។
លោកបន្តថា អ្នកបើកបររថយន្តពេលយប់ មិនអាចធ្វើដំណើរដល់គោលដៅបានឡើយ ដោយសារព្រិលធ្លាក់ និងដុំទឹកកក ផ្លូវពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
សារព័ត៌មានអង់គ្លេស រាយការណ៍ថា ការិយាល័យឧតុនិយមអង់គ្លេស បានចេញការព្រមានអាកាសធាតុសម្រាប់ការធ្លាក់ព្រិល និងធ្លាក់ទឹកកក នៅតំបន់ភាគខាងកើត និងតំបន់ភាគពាយ័ព្យអង់គ្លេស អៀរឡង់ខាងជើង និងវែលស៍ ដែលស្ថានភាពអាកាសធាតុអាក្រក់បែបនេះ នឹងបន្តកើតមានរហូតដល់ព្រឹកថ្ងៃសុក្រ ៕