នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) នេះ បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផែនការដ៏ចម្រូងចម្រាស ដើម្បីឃុំអ្នកស្វែងរកសិទ្ធិជ្រកកោន នៅឯមណ្ឌលឃុំឃាំង ក្នុងប្រទេសអាល់បានី។
គួររំលឹកថា លោកស្រី Meloni បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុង Tirana កាលពីឆ្នាំមុន ដើម្បីបង្វែរទៅប្រទេសបាល់កង់មួយនេះនូវជនអន្តោប្រវេសន៍មួយចំនួន ដែលអ៊ីតាលីបាននាំយកមកពីសមុទ្រ ដោយនិយាយថា គម្រោងនេះនឹងដើរតួជាការរារាំងមិនឲ្យមានការចាកចេញពីទ្វីបអាហ្វ្រិក។
តែទោះជាយ៉ាងណាក្ដី ផែនការដ៏ធំមួយនេះ បានជួបប្រទះនឹងការប្រឆាំងរបស់តុលាការ ក្នុងប៉ុន្មានខែថ្មីៗនេះ។ ចៅក្រមបានលើកឡើងពីការសង្ស័យលើការអនុលោមតាមច្បាប់របស់សហភាពអឺរ៉ុប (EU) ហើយបានសម្រេចថា ជនអន្តោប្រវេសន៍ ២ក្រុមដំបូងដែលត្រូវបានឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបញ្ចូនទៅអ៊ីតាលីវិញ ដោយទុកឲ្យកន្លែងឃុំឃាំងនេះនៅទំនេរ។
ដោយថ្លែងនៅឯសន្និសីទសារព័ត៌មានប្រចាំឆ្នាំជាមួយសារព័ត៌មានសភា លោកស្រី Meloni បាននិយាយថា តុលាការយុត្តិធម៌ EU នឹងចាប់ផ្តើមពិនិត្យករណីនេះ នៅក្នុងខែកុម្ភៈ ដោយបន្ថែមថា រដ្ឋជាសមាជិក EU ភាគច្រើនបានយល់ស្របជាមួយទីក្រុងរ៉ូម ពាក់ព័ន្ធនឹងជំរុំ នៅអាល់បានីនេះ៕