សារមន្ទីរជាតិក្រុងដាម៉ាស់ បានបើកឡើងវិញហើយកាលពីថ្ងៃពុធ រយៈពេល ១ខែក្រោយការទម្លាក់អំណាចប្រធានាធិបតីស៊ីរីលោក Bashar al-Assad ។
លោក Nazir Awad គឺជាអគ្គនាយកសារមន្ទីរវត្ថុបុរាណស៊ីរី បាននិយាយធានាថា វត្ថុបុរាណស៊ីរីទាំងអស់ នៅរក្សាបានល្អ ហើយពុំរងការប៉ះពាល់អ្វីឡើយ អំឡុងការមកដល់ទីក្រុងដាម៉ាស់របស់ក្រុមអ៊ិស្លាម Hayat Tahrir al-Sham ។
លោក Awad បានអំពាវនាវឲ្យបេសកកម្មបុរាណវិទ្យាទាំងអស់នៅជុំវិញពិភពលោក ចាប់ផ្តើមការងាររបស់ពួកគេវិញ នៅក្នុងប្រទេសស៊ីរី ។
គួរឲ្យដឹងថា សារមន្ទីរជាតិក្រុងដាម៉ាស់មួយនេះ បានបិទទ្វារអស់រយៈពេល ៧ឆ្នាំ អំឡុងសង្រ្គាមរវាងកងកម្លាំងលោក Assad និងក្រុមឧទ្ទាមប្រដាប់អាវុធ ។
ស្របពេលដែលការបះបោរ ចាប់ផ្តើមឡើងនៅឆ្នាំ ២០១១ រដ្ឋាភិបាលរបស់លោក Assad បានជម្លៀសចេញវត្ថុបុរាណនៅក្នុងសារមន្ទីរមួយនេះ ដែលស្ថិតក្នុងចំណោមសារមន្ទីរសំខាន់ជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ា ជាមួយសារមន្ទីរខេត្តផ្សេងទៀត ដោយលាក់ទុករូបចម្លាក់របស់ពួកគេ នៅឆ្ងាយពីសមរភូមិប្រយុទ្ធ ។
ពេលដែលវត្តមានរបស់ក្រុមឧទ្ទាមនៅជុំវិញទីក្រុងដាម៉ាស់ ថមថយកម្លាំងទៅវិញនៅឆ្នាំ ២០១៨ រូបបដិមាមួយចំនួន បានដាក់បង្ហាញជូនសាធារណជនទស្សនាក្នុងនៅសួនច្បារសារមន្ទីរ រួមទាំងរូបបដិមាសឹង្ហ Elat ដែលជាវត្ថុបុរាណដ៏ធំមួយមកពីទីក្រុងបុរាណ Palmyra ស្ថិតនៅភាគកណ្តាលស៊ីរី ដែលត្រូវបានធ្វើឲ្យខូចខាតដោយក្រុមរដ្ឋអ៊ិស្លាម ហើយក្រោយមក ត្រូវបានស្តា និងជួសជុលឡើងវិញ ៕