សាកសពរបស់លោក Youssef Ziyadne ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរដោយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ត្រូវបានរកឃើញនៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្កាហ្សា ជាមួយនឹងភស្តុតាងថា កូនប្រុស Hamza Ziyadne របស់គាត់ អាចនឹងត្រូវបានសម្លាប់ផងដែរ ។ នេះបើយោងតាមការអះអាងពីយោធាអ៊ីស្រាអែល ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើលោក Youssef Ziyadne ត្រូវបានគេសម្លាប់តាមវិធីណា ប៉ុន្តែលោកវរសេនីយ៍ទោ Nadav Shoshani និយាយថា ការស្លាប់របស់គាត់ ទំនងជាពុំបានកើតឡើងកាលពីពេលថ្មីៗនេះនោះទេ ។
លោកបាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងនឹងបើកការស៊ើបអង្កេតលើករណីស្លាប់របស់លោក Ziyadne ហើយពួកយើងនឹងស៊ើបអង្កេតផងដែរលើការស្វែងរកឃើញភស្តុតាង ពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់ ។
លោក Shoshani បាននិយាយដោយពុំបានផ្តល់សេចក្តីលម្អិតថា ការស្វែងរកឃើញទាំងអស់នេះ ធ្វើឲ្យកើតមានក្តីបារម្ភសម្រាប់ជីវិតរបស់កូនប្រុស Hamza ហើយពួកគេនៅពិនិត្យមើលភស្តុតាងបន្តទៀត ។
លោក Shoshani និយាយថា ទាហានកងកម្លាំងពិសេសអ៊ីស្រាអែល បានចុះប្រតិបត្តិការដ៏លំបាក និងស្មុគស្មាញក្នុងផ្លូវរូងក្រោមដី នៅទីក្រុង Rafah ស្ថិតក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអង្គារ ទី ៧ ខែមករា ឆ្នាំ ២០២៥ ហើយសាកសពរបស់លោក Ziyadne ត្រូវបានរកឃើញនៅជិតសាកសពរបស់ឆ្មាំប្រដាប់អាវុធមកពីក្រុមហាម៉ាស់ ឬក្រុមជីវពលប៉ាឡេស្ទីនផ្សេងមួយទៀត ។
កូន ២នាក់ផ្សេងទៀតរបស់លោក Ziyadne ដែលត្រូវបានចាប់ពង្រាត់ផងដែរក្នុងពេលតែមួយនោះ ត្រូវបានដោះលែង អំឡុងការដោះដូរចំណាប់ថ្នូរសម្រាប់អ្នកទោសប៉ាឡេស្ទីន ដែលបានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ។
ការរកឃើញសាកសពរបស់លោក Ziyadne បានកើតមានឡើង ពេលដែលក្រុមចរចា បន្តកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុង Doha ប្រទេសកាតា ដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងនាំយកចំណាប់ថ្នូរនៅសេសសល់វិលត្រឡ់បមកផ្ទះវិញ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលនឹងរួមបញ្ចូលផងដែរ ការវិលត្រឡប់ទៅវិញរបស់អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល ៕