យោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល បានចេញផ្សាយរបាយការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះថា នៅឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬ ថយ ៥៤%។
«អបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤» ក្នុងរបាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ (បើធៀបនឹងឆ្នាំ ២០២៣) ៖ ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។ បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាម ដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ ករណីឈឺ មានន័យថា ឆ្នាំនេះយើងបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មើនឹងថយចុះប្រមាណជិត ៤ដងធៀប នឹងចំនួនព្យាករណ៍រាតត្បាត។
ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វើឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាដើមអាណត្តិទី៧នេះ៕