ស្របពេលភ្លើងឆេះព្រៃធំៗចំនួន២បានគំរាមកំហែងទីក្រុង Los Angeles ចាប់ពីភាគខាងកើត និងខាងលិច ក្រុមអ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតផ្នែកសុខភាពបរិស្ថានកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាសប្ដាហ៍នេះ បានព្រមានពីគ្រោះថ្នាក់បណ្តាលមកពីពពកផ្សែង និងភាគល្អិតដ៏ធំដែលភាយចេញពីចំហេះព្រៃ។

យោងតាមលោក Carlos Gould អ្នកវិទ្យាសាស្ត្រសុខភាពបរិស្ថាន កំហាប់នៃភាគល្អិតនៅក្នុងតំបន់ Los Angeles បានឈានដល់កម្រិតប្រកាសអាសន្ន ចន្លោះពី ៤០ ទៅ ១០០មីក្រូក្រាម ក្នុងមួយម៉ែត្រគីប ដែលខ្ពស់ជាងសន្ទស្សន៍គុណភាពខ្យល់ធម្មតារបស់សហរដ្ឋអាមេរិក និងលើសពីកម្រិតអតិបរមា ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគីប ដែលអង្គការសុខភាពពិភពលោកបានណែនាំ។

សារធាតុភាគល្អិតចេញពីភ្លើងឆេះព្រៃ ដែលផ្សំឡើងដោយផេះ និងផ្សេងខ្មៅ បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែចំពោះមនុស្សដែលមានជំងឺសួត និងបេះដូងដំណាក់កាលដំបូងប៉ុណ្ណោះទេ ថែមទាំងចំពោះមនុស្សចាស់ និងកុមារផងដែរ។

លោកវេជ្ជបណ្ឌិត Afif El-Hasan អ្នកនាំពាក្យសមាគមព្យាបាលជំងឺសួតរបស់សហរដ្ឋអាមេរិក បាននិយាយថា សារធាតុគីមីដែលបានភាយចេញពីចំហេះព្រៃ ពិសេសកើតចេញពីសម្ភារៈដែលមនុស្សដុតបំផ្លាញនោះ ជ្រាបចូលទៅក្នុងសួតរបស់មនុស្សកាន់តែជ្រៅ ហើយថែមទាំងអាចជ្រាបចូលទៅក្នុងចរន្តឈាមទៀតផង៕