គណបក្សសេរីភាព (FPO) ស្តាំនិយមជ្រុលរបស់ប្រទេសអូទ្រីស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) ថា កិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយបក្ស FPO នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ១០ មករា នេះ ខណៈមនុស្សប្រហែលជាង ១ម៉ឺននាក់ បានចេញតវ៉ានៅទីក្រុងវីយែន ប្រឆាំងនឹងការរំពឹងទុកនៃរដ្ឋាភិបាលដែលដឹកនាំដោយបក្សស្ដាំនិយមជ្រុលលើកដំបូងរបស់ប្រទេស។

បក្ស FPO ដែលរិះគន់សហភាពអឺរ៉ុប និងរាក់ទាក់ជាមួយរុស្ស៊ី បានឈ្នះការបោះឆ្នោតសភាកាលពីខែកញ្ញា ជាមួយនឹងសំឡេងប្រហែល ២៩% ប៉ុន្តែមិនត្រូវអើពើទេដោយសារបក្សកណ្តាលនិយមបានព្យាយាមបង្កើតក្រុមចម្រុះកាន់អំណាចដោយគ្មានវត្តមានបក្សស្ដាំនិយមជ្រុលមួយនេះ។ ទោះជាយ៉ាងនេះក្ដី កិច្ចខិតខំប្រឹងប្រែងនោះបានបរាជ័យកាលពីចុងសប្តាហ៍ ហើយមេដឹកនាំ FPO លោក Herbert Kickl ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតរដ្ឋាភិបាល។

អង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលទាក់ទងនឹងសិទ្ធិមនុស្ស ជនភៀសខ្លួន និងបរិស្ថាន បានដឹកនាំការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា នេះជាបាតុកម្មប្រឆាំងបក្សស្ដាំនិយមជ្រុល FPO មិនឱ្យកាន់អំណាច។

បាតុករជាង ១០.០០០នាក់ បានប្រមូលផ្តុំគ្នាយ៉ាងតឹងរ៉ឹងនៅលើទីលានចតុរង្គ និងតាមដងផ្លូវនៃទីក្រុងវីយែន ដោយហ្វូងមនុស្សបានហួច សើចចំអក និងបំភ្លឺភ្លើងពិលទូរសព្ទរបស់ពួកគេឆ្ពោះទៅកាន់ការិយាល័យអធិការបតី ដោយស្រែកថា "បណ្ដេញលោក Kickl" ក្នុងបរិយាកាសបែបសន្តិភាព មិនមានការប៉ះទង្គិចឡើយ៕