ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថាលំនៅឋាន ហាងអាជីវកម្ម និងអគារផ្សេងទៀតចំនួន៩.០០០ កន្លែងទំនងជាត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញនៅក្នុងចំហេះព្រៃ ធំចំនួន២គឺ ភ្លើងឆេះព្រៃឈ្មោះ ប៉ាលីសេដ(Palisades) និងអឺតុន(Eaton) ។

ប្រហែល៥.៣០០នៃសំណង់ទាំងនេះត្រូវបានបំផ្លាញក្នុងភ្លើងឆេះព្រៃឈ្មោះប៉ាលីសេដ( Palisades)ខណៈសំណង់ផ្សេងទៀតពី ៤.០០០ ទៅ៥.០០០ ត្រូវប៉ាន់ប្រមាណថាត្រូវបានខូចខាត ឬរងការបំផ្លិចបំផ្លាញនៅក្នុងភ្លើងឆេះព្រៃអឺតុន (Eaton) ដែលឆេះរាលដាលនៅក្នុងតំបន់ អាល់តាដេណា (Altadena) ។

ក្រុមមន្ត្រីបានប៉ាន់ប្រមាណដោយប្រើបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដពីលើអាកាស ហើយបានសង្កត់ធ្ងន់ថាវាជាចំនួនបឋម។ ប្រសិនបើត្រឹមត្រូវ វានឹងធ្វើឱ្យព្យុះភ្លើងក្លាយជាមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្រុង Los Angeles ទាក់ទងនឹងការខូចខាតទ្រព្យសម្បត្តិ។
លោក Robert Luna ស្នងការនគរបាលក្រុង Los Angeles ក៏បាននិយាយផងដែរថា សំណើមួយត្រូវបានធ្វើឡើងសម្រាប់ការគាំទ្រឆ្មាំជាតិ ហើយបម្រាមគោចរនឹងត្រូវបានអនុវត្ត ដែលលោកបាននិយាយថាលោករំពឹងថានឹងជួយទប់ស្កាត់ការលួចរបស់របរផ្សេងៗដែលបានទាញយកផលប្រយោជន៍ពីចំហេះព្រៃទាំងនេះ។
ការខាតបង់សេដ្ឋកិច្ចដោយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ប៉ាន់ប្រមាណថាមានចំនួន ៥០ ពាន់លានដុល្លារ។ ថាមពលអគ្គិសនី អាចនឹងដាច់ច្រើនថ្ងៃ សម្រាប់មនុស្សរាប់លាននាក់ សូម្បីតែតំបន់នៅឆ្ងាយពីទីតាំងភ្លើងឆេះព្រៃក្នុងទីក្រុងនេះក៏ដោយ៕