ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងថា គម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជា (BFC) បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
នៅក្នុងពិធីគម្រប់ខួប២០ឆ្នាំ នៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា កាលពីរសៀលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ តាមប្រព័ន្ធ វីដេអូ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិ ខាងការងារប្រចាំនៅកម្ពុជា ថៃនិងឡាវ, និងតំណាងសមាគមនិយោជក តំណាងសហជីព និងអ្នកបញ្ជាទិញអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសទី១ ដែលមានភាពក្លាហានក្នុងការ អនុវត្តពាណិជ្ជកម្មអន្តរជាតិដោយផ្សារភ្ជាប់ជាមួយនឹងការធានាលក្ខខណ្ឌការងារស្របតាមច្បាប់ ស្តីពីការងារ និងបទដ្ឋានការងារស្នូលជាអន្តរជាតិ។
ដោយសារតែគម្រោងនេះ មានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២០ឆ្នាំនេះ។
ឯកឧត្តម បានទទួលស្គាល់ថា កម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផល ទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរនិងទទួលប្រាក់ចំណេញអាជីវកម្មតាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។
ឯកឧត្តម បានណែនាំឲ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) និងកសាងវប្បធម៌អនុលោមភាព ការងារនៅកម្ពុជា សំដៅជំរុញកំណើនក្នុងវិស័យវាយនភណ្ឌ សំលៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕
អត្ថបទ ៖ ឈិត បូរ៉ាវី