ប្រទេសចិនបានបញ្ជាក់ថា វិធានការរបស់សហភាពអឺរ៉ុបក្នុងការរារាំងក្រុមហ៊ុនរបស់ខ្លួនពីការឧបត្ថម្ភធនពីបរទេសគឺជាឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ ជាការប៉ះទង្គិចចុងក្រោយនៅក្នុងជម្លោះពាណិជ្ជកម្មដែលកំពុងបន្តរវាងភាគីទាំងពីរ។

ក្រសួងពាណិជ្ជកម្មបានចេញផ្សាយរបកគំហើញនៃការស៊ើបអង្កេតរបស់ខ្លួនលើបទប្បញ្ញត្តិឧបត្ថម្ភធនបរទេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយគូសបញ្ជាក់ពីការអនុវត្តន៍ដោយផ្នែកថាជាកង្វល់ដ៏ធំ។ ការស៊ើបអង្កេតបានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្តើមតាមដានការឧបត្ថម្ភធនរបស់ចិនសម្រាប់រថយន្តអគ្គិសនី។

ទីក្រុងប៉េកាំងពុំបានបញ្ជាក់ពីសកម្មភាពណាមួយដែលខ្លួនគ្រោងនឹងចាត់វិធានការបន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតនោះទេ។ ប្រទេសនេះធ្លាប់បាននិយាយថា ប្រសិនបើគោលនយោបាយការបរទេសត្រូវបានកំណត់ថាជារបាំងពាណិជ្ជកម្ម ក្រសួងអាចធ្វើការចរចាទ្វេភាគី ចាប់ផ្តើមការដោះស្រាយជម្លោះពហុភាគី និងចាត់វិធានការសមស្របផ្សេងទៀត។ ក្រសួងក៏បាននិយាយផងដែរថា ជំហានទាំងនេះអាចឈានទៅរកការចាត់វិធានការសងសឹក។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងលោក លោក ហ៊ើ យ៉ាតុង (He Yadong) បាននិយាយថា ក្រុងប៉េកាំងនឹងចាត់វិធានការដូចជាការស្នើសុំសហភាពអឺរ៉ុបសម្រាប់ការចរចា ដោយពុំបានផ្តល់ព័ត៌មានលម្អិត។
ការស៊ើបអង្កេតរបស់ប្រទេសចិនកើតឡើងស្របពេលមានជម្លោះពាណិជ្ជកម្មកាន់តែធំជាមួយទីក្រុងព្រុចសែល ជាទីដែលសហភាពអឺរ៉ុបបានដំឡើងពន្ធរហូតដល់៤៥% លើរថយន្តអគ្គិសនីEV ផលិតដោយប្រទេសចិន បន្ទាប់ពីបានកំណត់ថាការឧបត្ថម្ភធនរបស់រដ្ឋបានផ្តល់ឱ្យឧស្សាហកម្មរថយន្តអគ្គិសនី របស់ប្រទេសចិននូវអត្ថប្រយោជន៍មិនយុត្តិធម៌៕