សមាជិកសភារបស់ប្រទេសលីបង់ បានបោះឆ្នោតជ្រើសរើសមេបញ្ជាការកងទ័ព លោក ចូសេហ្វ អោន (Joseph Aoun) ជាប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ដោយបញ្ចប់តំណែងនៅទំនេររយៈពេលជាងពីរឆ្នាំក្នុងជំហានឈានឆ្ពោះទៅរកការដកប្រទេសដែលរងគ្រោះដោយសង្រ្គាមចេញពីវិបត្តិហិរញ្ញវត្ថុ។ លោក អោន(Aoun) ដែលមានអាយុ៦១ឆ្នាំ នៅថ្ងៃសុក្រនេះបានទៅដល់សភា ដើម្បីស្បថចូលកាន់តំណែងដោយស្លៀកពាក់ឈុតខ្មៅនិងក្រវ៉ាត់កពណ៌ខៀវ ជំនួសឱ្យឯកសណ្ឋានយោធាធម្មតា។

លោកបានប្រាប់សភាថា «ថ្ងៃនេះ ដំណាក់កាលថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសលីបង់ បានចាប់ផ្តើម។ លោក អោន(Aoun) ប្រឈមមុខនឹងភារកិច្ចដ៏គួរឱ្យព្រួយបារម្ភក្នុងការពិនិត្យមើលបទឈប់បាញ់នៅភាគខាងត្បូងប្រទេសលីបង់ និងតែងតាំងនាយករដ្ឋមន្ត្រីដែលមានសមត្ថភាពក្នុងការអនុវត្តន៍កំណែទម្រង់ដែលទាមទារដោយម្ចាស់បំណុលអន្តរជាតិ ជាថ្នូរទៅនឹងកញ្ចប់ថវិកាស្រោចស្រង់ផ្នែកហិរញ្ញវត្ថុដែលជាតម្រូវការដ៏ចាំបាច់បំផុត។

លោក បាននិយាយថា លោកនឹងអំពាវនាវឲ្យមានការពិគ្រោះយោបល់ពីសភាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលើការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ លោកបានប្តេជ្ញាថា រដ្ឋនេះនឹងមាន «ការគ្រប់គ្រង» លើការកាន់អាវុធ បន្ទាប់ពីសង្គ្រាមបំផ្លិចបំផ្លាញ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡានិកាយស៊ីអ៊ីត។
លោកនិយាយថា «ខ្ញុំសន្យាថា នឹងអំពាវនាវឱ្យមានកិច្ចពិភាក្សាអំពីយុទ្ធសាស្ត្រការពារដ៏ទូលំទូលាយលើកម្រិតផ្នែកការទូត សេដ្ឋកិច្ច និងយោធា ដែលនឹងផ្តល់លទ្ធភាពដល់រដ្ឋលីបង់ ហើយរដ្ឋលីបង់ នឹងបំបាត់ការកាន់កាប់របស់អ៊ីស្រាអែល ហើយរារាំងការឈ្លានពានរបស់ប្រទេសនេះ។