ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) ថា កិច្ចប្រជុំមួយកំពុងត្រូវបានបង្កើតឡើងរវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែមេដឹកនាំបក្សសាធារណរដ្ឋរូបនេះ មិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរនោះទេ។

លោក Trump បាននិយាយពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនថា “លោកប្រធានាធិបតី Putin ចង់ជួបពិភាក្សា ហើយយើងកំពុងរៀបចំជំនួបមួយ។ យើងត្រូវតែបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមនោះឱ្យបានឆាប់"។

ការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមាននៅថ្ងៃទី២០ ខែមករា បានបង្កក្តីសង្ឃឹមនៃដំណោះស្រាយការទូតដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែក៏បាននាំឱ្យមានការភ័យខ្លាចក្នុងទីក្រុងគីវថា កិច្ចព្រមព្រៀងសន្តិភាពរហ័សអាចនឹងត្រូវបង់ខាតខ្ពស់សម្រាប់អ៊ុយក្រែន។
ក្រុមទីប្រឹក្សារបស់លោក Trump បានបង្ហើបសំណើដើម្បីបញ្ចប់សង្រ្គាមដែលនឹងប្រគល់ផ្នែកធំៗនៃប្រទេសអ៊ុយក្រែន ទៅឱ្យរុស្ស៊ី ប្រកបដោយប្រសិទ្ធភាព សម្រាប់អនាគតដ៏ខ្លីខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោក Trump អាចជាអ្នកសម្រេចលទ្ធផលនៃសង្រ្គាមរយៈពេល ៣៤ខែជាមួយរុស្ស៊ី និងជួយបញ្ឈប់លោក Putin៕