ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កិច្ចប្រជុំចុងក្រោយបង្អស់ជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ ក្នុងប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់ជំនួយផ្នែកយោធាបន្ថែមចំនួន ២ពាន់លានដុល្លារ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរុស្ស៊ី។

លោក Zelenskiy បានលើកឡើងបែបនេះបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) ដោយផ្តល់ព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះនៃជំនួយ ប៉ុន្តែថា មានប្រទេសចំនួន៣៤ បានសន្យាគាំទ្រក្នុងទម្រង់ផ្សេងគ្នានៃសង្រ្គាមដែលមានរយៈពេល ៣៤ខែមកនេះ។

លោកបាននិយាយនៅក្នុងវីដេអូបង្ហោះនៅលើគណនីតេលេក្រាមមួយថា "យើងបានធ្វើកិច្ចប្រជុំដ៏ល្អប្រកបដោយលទ្ធផលដ៏ប្រសើរ ដែលមានកញ្ចប់ជំនួយបន្ថែម ២ពាន់លានដុល្លារដល់អ៊ុយក្រែន"។ ជំនួយនោះគ្របដណ្តប់លើការការពារដែនអាកាស បច្ចេកវិទ្យាព័ត៌មាន ការដោះមីន កងកម្លាំងជើងទឹក កងកម្លាំងអាកាស និងកាំភ្លើងធំ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយមុននោះថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជំនួយយោធាបន្ថែម ៥០០លានដុល្លារដល់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស គ្រាប់បែកបាញ់ពីអាកាសទៅដី និងឧបករណ៍ជំនួយសម្រាប់យន្តហោះចម្បាំង F-16 ជាច្រើនទៀត៕