អ្នកវិទ្យាសាស្ត្របាននិយាយនៅថ្ងៃសុក្រ (១០ មករា) នេះថា ពិភពលោកទើបតែជួបប្រទះរយៈពេលក្ដៅបំផុតពេញមួយឆ្នាំលើកដំបូង ដែលសីតុណ្ហភាពសកលឡើងហួសពីកម្រិតកំណត់ ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម។

ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានបញ្ជាក់ដោយសេវាបម្រែបម្រួលអាកាសធាតុ C3S របស់សហភាពអឺរ៉ុប ដែលបាននិយាយថា បម្រែបម្រួលអាកាសធាតុកំពុងជំរុញសីតុណ្ហភាពរបស់ភពផែនដីឱ្យឡើងដល់កម្រិតដែលមនុស្សជាតិសម័យទំនើបមិនធ្លាប់ជួបប្រទះពីមុនមក។

នាយក C3S លោក Carlo Buontempo បានប្រាប់សារព័ត៌មានរ៉យទ័រថា "ព្រឹត្តិការណ៍នេះគឺពិតជារឿងមិនគួរឱ្យជឿ" ដោយពណ៌នាថា រៀងរាល់ខែក្នុងឆ្នាំ២០២៤ គឺក្តៅបំផុត ឬក្តៅបំផុតទីពីរសម្រាប់ខែដូចគ្នានោះ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។

C3S បាននិយាយថា សីតុណ្ហភាពជាមធ្យមរបស់ភពផែនដីក្នុងឆ្នាំ២០២៤ គឺកម្រិត ១,៦អង្សាសេ ខ្ពស់ជាងឆ្នាំ១៨៥០-១៩០០ ដែលជា "សម័យមុនឧស្សាហកម្ម" មុនពេលមនុស្សលោកចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីល បំភាយឧស្ម័នកាបូនឌីអុកស៊ីតក្នុងទ្រង់ទ្រាយធំ។
កាលពីឆ្នាំមុនគឺជាឆ្នាំក្តៅបំផុតរបស់ពិភពលោកចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ហើយឆ្នាំនីមួយៗក្នុងដប់ឆ្នាំចុងក្រោយនេះ គឺស្ថិតក្នុងចំណោមតួលេខទាំងដប់ដែលក្តៅបំផុតក្នុងកំណត់ត្រា៕